Update ៖ ដោយសារតែនារីជាសង្សារសុំបែកធ្វើឱ្យបុរសមេធាវីជាខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឱ្យស្លាប់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាមេធាវីនឹងជាជនដៃដល់ម្នាក់ បានដកកាំភ្លើងបាញ់ប្រហារ ទៅលើនារីជាសង្សារអ្នកលក់អនឡាញ បណ្តាលឲ្យស្លាប់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ព្រោះតែនារីជាសង្សារសុំបែក ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នារីជនរងគ្រោះមានឈ្មោះ អែម សុវីដេត អាយុ ២៦ឆ្នាំ មុខរបរអ្នកលក់អនឡាញ (ស្លាប់ )។ ជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ឆ្នាំ មុខរបរជាមេធាវី (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territory ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បានបើកមកឈប់លើចិញ្ចើមផ្លូវក្បែរបុរីមួយកន្លែង ពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-8007 បើកបរដោយបុរសជាខ្មាន់កាំភ្លើង ធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចក៏បានបើកមកឈប់នៅពីក្រោយរថយន្តនារីរងគ្រោះ ក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្ត ហើយដើរមិនបានប៉ុន្មានជំហ៊ានផងក៏ត្រូវ បុរសជាសង្សារ (ជាខ្មាន់កាំភ្លើង) ចុះពីរថយន្តដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

បើតាមសមត្ថកិច្ច និងរូបភាពពីកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបានបង្ហាញថា មុនពេលកើតហេតុគេឃើញភាគីខាងស្រីបានចុះពីលើរថយន្តរបស់ខ្លួន រួចដើរសំដៅទៅរកខាងប្រុស ដែលនៅខាងក្រោយ ហើយក៏ឃើញខាងប្រុសចុះពីលើរថយន្តរបស់គេដើរមករកខាងស្រី រួចបានបាញ់ទៅលើក្បាលខាងស្រីរួចបាញ់ថែមពី៣ ទៅ ៤គ្រាប់ទៀត បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើងបានបាញ់សៀតផ្កាខ្លួនឯងមួយគ្រាប់បណ្តាលដួលនៅលើផ្លូវ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

គួររំលឹកផងដែរថា កាលពីខែ១២ឆ្នាំ២០២៣ ដោយបុរសជាមេធាវី និងជាខ្មាន់កាំភ្លើង បានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 ឡើងលើស្ពានកោះនរា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ មួយសន្ទុះក្រោយមកបុរសខាងលើ ក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យទៅលើសពនារីរងគ្រោះក្រោយពិនិត្យរួច ក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print