ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកម្នាក់ រុំដោយកន្សែងពោះគោដាក់នៅក្នុងកេះក្រដាស ចងថង់ផ្លាស្ទិក ត្រង់ចំណុច ដីឡូហ៍គ្មានលេខ ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព) : មិនស្គាល់អត្តសញ្ញណ ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ ។ ក្នុងនោះមានសម្ភារៈបន្សល់ទុករួមមាន ៖ កន្សែងពោះគោ ពណ៍ខៀវ ចំនួន០១ ,កេះក្រដាស ចំនួន០១ , ថង់ផ្លាស្ទិក ពណ៍ខ្មៅ ចំនួន០១ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានទទួលព័ត៍មានថា មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពទារកត្រូវបានគេយកមកផ្លុងចោលនៅត្រង់ចំណុច ដីឡូហ៍គ្មានលេខ ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ភ្លាមៗកម្លាំងសមត្ថកិច្ចក៍បានចុះទៅដល់កន្លែងកើតហេតុ ឃើញសាកសពទារក ភេទប្រុស អាយុចន្លោះពី៨ទៅ៩ខែ រុំដោយកន្សែងពោះគោ ពណ៍ខៀវ ដាក់នៅក្នុងកេះក្រដាស ចងថង់ផ្លាស្ទិក ពណ៍ខ្មៅ ប្រាកដមែន ។
តាមការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំញ គឺ ជនរងគ្រោះបានស្លាប់នៅក្នុងផ្ទៃម្តាយ មុនពេលសម្រាល ។ បន្ទាប់មក សពត្រូវបានអាជ្ញាធររៀបចំបញ្ចុះនៅវត្តសំបួរមាស ៕ដោយ ៖ ភារ៉ា ដង្កោ