អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ មុនកាលកំណត់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ ក្នុងពេលឆាប់ៗ ឬអាចនៅ ចុងសប្ដាហ៍នេះតែម្តង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានគូសបញ្ជាក់ដូច្នេះថា «ក្នុងចំណោមអ្នកទោស ៩៣០នាក់ ក្នុងនោះរួមមានទាំងលោក Thaksin ហើយទោសរបស់ពួកគេនឹងត្រូវបានព្យួរ»។ តាមលោក Tawee លោក Thaksin ស្ថិតក្នុងចំណោមអ្នកទោស ស្ថិតនៅក្នុងស្ថានភាពពិសេស (ដូចជាមានជំងឺ) ឬមានអាយុលើស៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់។
គួរបញ្ជាក់ថា លោក Thaksin បានវិលត្រលប់មកមាតុប្រទេសវិញក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែសីហា ឆ្នាំ២០២៣ ១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួន ដោយខ្លួនឯង ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០០៦ ដែលបណ្តេញចេញរូបលោកចេញពីអំណាច។ ខណៈពេលដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុស។
ក្រោយត្រឡប់ចូលស្រុកវិញ លោក Thaksin ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗ ជាទីដែលលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ។ ប៉ុន្តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹមតែ ១ឆ្នាំវិញ។ ការដោះលែងលោក Thaksin មិនត្រូវបានបញ្ជាក់លម្អិតនោះទេ តែលោកអាចនឹងត្រូវ ដាក់ឱ្យស្ថិតនៅក្រោមការតាមដាន ឬក៏មានការរឹតត្បិតលើសិទ្ធិធ្វើដំណើរបស់លោកផងដែរ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយថៃវិញ លោកអាចនឹង ត្រូវបានដោះលែងនៅពេលណាមួយ ចាប់ពីថៃ្ងសៅរ៍ចុងសប្ដាហ៍នេះទៅ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print