ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌចំការមន រាជធានី ភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះជំងឺអឹមផកដែលបានរកឃើញសរុបមានចំនួន ១១ករណី។
ក្រសួងសុខាភិបាលសង្កេតឃើញថា និន្នាការនៃការចម្លងជំងឺអឹមផកនៅព្រះរាជាណាចក្រកម្ពុជា យើងមានការកើនឡើង ស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេស ចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបចំនួន ៩៣,០៣០នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែង យល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
១. របៀបចម្លង៖
• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផកនិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាបាន កែវទឹក។ល។
• វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។
២. វិធានការបង្ការការចម្លងជំងឺអឹមផក៖
អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។
• ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក។
• ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់។
• ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។
• អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃ ឬអាល់កុលលាងដៃ។
• បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផកត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
• បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអឹមផកត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
បុគ្គល មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផកឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផកត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕
ដោយ ៖ សិលា