ទីក្រុងបាងកក៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះបានធ្វេីឡើងកាលពីរសៀលម្សិលមិញនេះ មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក, តំណាងអង្គការអន្តរជាតិ, តំណាងក្រសួងស្ថាប័ន, និងវិស័យឯកជនសរុបប្រមាណ ២៣០រូប។
ក្នុងឱកាសថ្លែងបទបង្ហាញ លោក សួន សុផល បានគូសរំលេចអំពីបរិយាកាសវិនិយោគដែលមានស្ថិរភាព និងភាពទាក់ទាញ, របបវិនិយោគដែលមានបច្ចុប្បន្នភាព និងមានទំនោរជ្រោមជ្រែងការរីកធំធាត់របស់វិស័យឯកជន, យន្តការផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសម្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល, និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។
គួរបញ្ជាក់ជូនផងដែរថា ប្រធានបទចំនួន ៤ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖
ទី១៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី២៖ «ឱកាសធុរកិច្ចនៅកម្ពុជា» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ទី៣៖ «ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា?» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោក សួន សុផល អគ្គលេខាធិការរង គ.វ.ក.។
ទី៤៖ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)» ធ្វើបទឧទ្ទេសនាមដោយវាគ្មិនកិត្តិយស លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ៕