ភ្នំពេញ÷ នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩ ព្រឹក នៅទីស្តីការក្រសួងលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួល ស្វាគមន៍ និងពិភាក្សាការងារជាមួយ លោកស្រី Charlotte RODIEN អនុប្រធានសមាគម Association Mission Stage Asie ដែលជាសមាគមជួយប្រជាពលរដ្ឋខ្មែរតាមរយៈការលើកកម្ពស់ភាសាបារាំង និងការផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះផ្តល់ការពិគ្រោះ និងជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។
ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្រ្តីសម្តែងក្ដីសោមនស្សរីក រាយក្នុងការទទួលស្វាគមន៍ លោកស្រី Charlotte RODIEN អនុប្រធានសមាគម Association Mission Stage Asie និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃ នេះ ព្រមទាំងរំលឹកអំពីកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្ត និងដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលបារាំងនិងកម្ពុជាបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្ត និងបានជម្រាបជូនអំពីទស្សនកិច្ចផ្លូវការដ៏ជោគជ័យយ៉ាងត្រចះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ។
ជាការឆ្លើយតប លោកស្រី Charlotte RODIEN អនុប្រធានសមាគម Association Mission Stage Asie បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្រ្តី ដែលឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបេសកកម្មការងាររបស់សមាគមនៅ ក្នុងប្រទេសកម្ពុជាកន្លងមកនេះ និងគម្រោងនាពេលអនាគតខាងមុខនេះ ដូចជាការផ្តល់ទស្សនកិច្ចសិក្សាភាសាបារាំងទៅប្រទេសវៀតណាមនិងការបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តជាបន្ដទៀត។
ជាកិច្ចបញ្ចប់រដ្ឋមន្រ្តីបានជូនពរ លោកស្រីនិងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យលើបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា៕