ភ្នំពេញ៖ បន្ទាប់ពីមានសកម្មភាពរថយន្តកែច្នៃអគ្គិសនី បានបេីកដឹកភ្ញៀវទេសចរណ៍ដំណើរផឹកស៉ីចល័តតាមផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវ និងធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការអញ្ជើញអ្នកបើកយកមកណែនាំអប់រំមិនឱ្យធ្វើសកម្មភាពបែបនេះទៀត។
ជាក់ស្ដែងដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៉ីចល័តតាមផ្លូវសាធារណៈទៀតនោះទេ។
ជាមួយគ្នានោះ មន្ត្រីជំនាញ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមកុំប្រកបរបររកស៊ីបែបនេះ ព្រោះវាអាចបង្កការគ្រោះថ្នាក់ណាមួយជាយថាហេតុផងដែរ៕