លោក ឃួង ស្រេង បញ្ជាឱ្យមន្ទីរសុខា ភិបាល និងអាជ្ញាធរខណ្ឌ ត្រូវចុះបាញ់ថ្នាំមូសតាមភូមិ សង្កាត់ឱ្យបានលឿន

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរសុខាភិបាល និងអាជ្ញាធរខណ្ឌត្រូវសហការគ្នា ចុះបាញ់ថ្នាំមូស តាមភូមិ សង្កាត់ឱ្យបានលឿន ដោយ សារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យ ព្រួយបារម្ភនោះ ។

    លោកបានបញ្ជាបែបនេះនៅ ក្នុងអង្គប្រជុំ ជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធនិង អភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម  ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅ នៅរសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នៅសាលារាជធានី​ភ្នំពេញ​ ។

       លោកឃួង ស្រេង. បានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមក គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

  លោក ឃួង ស្រេង  បានបន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។

    លោកឃួង ស្រេង បានជំរុញហើយ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្កលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។

   លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

     ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈមន្ទីរសុខាភិបាលនិងបែងចែកក្រុមការងារជា៤ក្រុមដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕. ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print