ភ្នំពេញ ៖លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងនៅក្នុងសន្និ សីទសារព័ត៌មានរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា រយៈពេល ១៤ ថ្ងៃ នៃការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ឆ្នាំ ២០២៤ ដែលបានបិទបញ្ចប់នៅថ្ងៃនេះ គឺបានប្រព្រឹត្ត ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើត ឡើងគួរឱ្យកត់សម្គាល់ឡើយ។
លោក សោម សូរីដា មានប្រសាសន៍បញ្ជាក់ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះ ឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ នៅទីស្ដីការ គ.ជ.ប។
លោកបានថ្លែងក្នុងឱកានោះថា ក្នុងរយៈពេល ១៤ ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតទាំង ៤ គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងៗតាមលទ្ធភាព និងកម្មវិធីដែលគណបក្សនយោបាយនីមួយៗបានគ្រោងទុក និងស្នើសុំប្រកបដោយក្រមសីលធម៌ យោគយល់គ្នា និងមានការចូលរួមថែរក្សាសន្ដិសុខ វត្ថិភាពពីសមត្ថកិច្ច និងអាជ្ញាធរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោងមុនការបោះឆ្នោត ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈនេះ ចាប់ពីវេលម៉ោង ៧:០០ ព្រឹកដល់ម៉ោង ៣:០០ រសៀលនៅតាមការិយាល័យបោះឆ្នោតទាំង៣៣ ចំណុះឱ្យភូមិភាគទាំង៨៕