ខណ្ឌចំនួន៥ ដែលប្រឈមនិងកើតជំងឺគ្រុនឈាមជាងគេ ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់សត្វមូល

ចែករំលែក៖

ភ្នំពេញ៖ នៅខណ្ឌចំនួន៥ ដែលប្រឈមនិងកើតជំងឺគ្រុនឈាមជាងគេ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាករចុះបាញ់ថ្នាំសម្លាប់សត្វមូលរយៈពេល៥ថ្ងៃទៅ៦ថ្ងៃតាមស្ថានភាពជាក់ស្ដែង នៅខណ្ឌកំបូល, ពោធិ៏សែនជ័យ, សែនសុខ,មានជ័យ  និងខណ្ឌដង្កោ ដោយមានការសហការពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអង្គភាពកងពលតូចលេខ៧០  នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

     អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការយកចិត្តទុកដាក់

សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង  លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរ សុខាភិបាលរាជធានី មន្ដ្រីអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ សហការជាមួយ កងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមកើតឡើងទៀត ។ 

     ឯកឧត្តមឃួង ស្រេង បានធ្វើការណែនាំទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាជំហានដំបូងនេះ ក្រុមការងារត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅទូទាំង៥ខណ្ឌ នេះសិន ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់។ ក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាលត្រូវបន្តការបាញ់ថ្នាំសម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យបាននូវជំងឺគ្រុនឈាម។

  នៅថ្ងៃទី១នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើកម្លាំងជំនាញ នៃមន្ទីរសុខាភិបាល ប្រមាណ៥០ទៅ៦០នាក់និង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០ ចំនួន២៥នាក់ សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំង៥ ដែលជាខណ្ឌមានបញ្ហា ប្រឈមខ្លាំងជាងគេ ចំពោះការរីករាលដាលជំងឺគ្រុនឈាមនេះ ក្នុងនោះរួមមាន ខណ្ឌដង្កោ,ខណ្ឌកំបូល,ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ។ 

        ក្នុងឱកាសនោះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់បង ប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង  ជាជម្រកមូសខ្លា ។  យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម  ដោយឡែកមូស អង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមនោះទេ ៕ ដោយ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print