សារព័ត៌មាន AFP បានផ្សាយថា អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះបានប្រារព្ធខួប២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ខណៈដែលសង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ ចំពេលអ៊ុយក្រែនកំពុងខ្វះខាតជំនួយអាវុធពីបណ្ដាប្រទេសលោកខាងលិច ហើយរុស្ស៉ីកាន់តែមានទឹកចិត្តប្រយុទ្ធបន្ទាប់ពីទទួលបានជ័យជម្នះមួយចំនួននៅលើសមរភូមិ។
នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបើកធ្វើសង្រ្គាមដែលលោកហៅថាប្រតិបត្តិការយោធាពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជាច្រើនរំពឹងថាទីក្រុងមូស្គូនឹងទទួលបានជ័យជម្នះក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ អ៊ុយក្រែនបានតស៊ូប្រយុទ្ធទប់ទល់រហូតដល់វាយឱ្យកងទ័ពរុស្ស៉ីដកថយ។
ក៏ប៉ុន្តែអ៊ុយក្រែនបានទទួលបរាជ័យនៅក្នុងប្រតិបត្តិការវាយបកប្រឆាំង
រុស្ស៉ី កាលពីឆ្នាំ២០២៣។ កងទ័ព
រុស្ស៉ីអាចពង្រឹងខ្សែការពារយ៉ាងរឹងមាំបាន ក៏ដោយសារតែកំណើននៃការផលិតសព្វាវុធនៅក្នុងស្រុក និងការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួនដូចជាអ៉ីរ៉ង់ និងកូរ៉េខាងជើង។ នេះបើតាម ក្រុមមន្ត្រីលោកខាងលិច។ អ៊ុយក្រែនវិញកំពុងប្រឈមមុខនឹងការខ្វះខាតទាំងកម្លាំងទ័ពនិងអាវុធ ខណៈជំនួយយោធាពីសំណាក់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កំពុងជាប់គាំងនៅក្នុងរដ្ឋសភាអាមេរិកនៅឡើយ។
ខួប២ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថាមេដឹកនាំអឺរ៉ុបក្នុងនោះរួមមានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន។ តែអ្វីដែលទីក្រុងកៀវ កំពុងទន្ទឹមរង់ចាំ នោះគឺកញ្ចប់ជំនួយយោធាថ្មី ៦០ពាន់លានដុល្លារដែលកំពុងជាប់គាំងក្នុងរដ្ឋសភា អាមេរិក ដ្បិតមានការជំទាស់ពីសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានអំពាវនាវជាថ្មីផងដែរឱ្យសមាជិករដ្ឋសភាសាធាណរដ្ឋយល់ព្រមអនុម័តលើកញ្ចប់ជំនួយយោធានេះ ជាមួយការព្រមានថាការបរាជ័យក្នុងការគាំទ្រអ៊ុយក្រែនក្នុងកាលៈទេសៈដ៏សំខាន់នេះនឹងត្រូវ បានគេចងចាំទុកជានិច្ច។
កាលពីខែសីហា ឆ្នាំ២០២៣ កាសែតអាមេរិក New York Times បានស្រង់សម្ដីមន្ត្រីអាមេរិកដោយឱ្យដឹងថា កងទ័ពអ៊ុយក្រែន ៧០,០០០នាក់ បានស្លាប់ និងប្រហែល ១០០,០០០ ដល់១២០,០០០នាក់បានរងរបួស។ ដោយឡែក ព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកដែលបានបែកធ្លាយកាលពីខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដែរថាកងទ័ពរុស្ស៉ី ៣១៥,០០០នាក់បានស្លាប់ និងរងរបួស៕ ដោយធីរីណា
រូបថត: Reuters