ចិនទទួលស្គាល់ចម្ការដូង ១៣ កន្លែងនិងរោងចក្រវេចខ្ចប់ ១កន្លែង អាចនាំចេញផ្លែដូងស្រស់ដោយផ្ទាល់ទៅទីផ្សារខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អគ្គរដ្ឋបាលគយចិន បានទទួលស្គាល់ចម្ការដូងចំនួន ១៣កន្លែងនិង រោងចក្រវេចខ្ចប់ផ្លែដូងចំនួន១ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយចិនក៏កំពុងបន្តពិនិត្យ និងវាយតម្លៃលើចម្ការដូង និងរោងចក្រវេចខ្ចប់មួយចំនួនទៀត។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អគ្គរដ្ឋបាលគយចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាបានចុះ ហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅប្រទេសចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ លោកងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មថ្លែងថា គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អគ្គរដ្ឋបាលគយចិន បានទទួលស្គាល់ជាផ្លូវការលើចម្ការដូងកម្ពុជាចំនួន ១៣ កន្លែងនិង រោងចក្រវេចខ្ចប់ចំនួន១កន្លែង ដែលមានលក្ខខណ្ឌតម្រូវស្របតាមភូតគាមអនាម័យសម្រាប់ការ នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន ហើយ អគ្គរដ្ឋបាលគយចិនកំពុងបន្តពិនិយ្យវាយតម្លៃចម្ការ និងរោងចក្រវេចខ្ចប់មួយចំនួនទៀត។

លោក ងិន ឆាយ មានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ អគ្គរដ្ឋបាលគយចិនបានឯកភាពទៅលើចម្ការដូងចំនួន ១៣ចម្ការ ហើយកន្លែងវេចខ្ចប់គឺឯកភាពតែ មួយទេ មកទល់ពេលនេះ ហើយកំពុងបន្តពិនិត្យទៅលើឯកសារ ពិសេស វីដេអូឃ្លីបចំនួន ៤ ទៀត នៅសប្តាហ៍ក្រោយនេះ គេនឹងផ្តល់លទ្ធផលថាតើក្នុងចំណោម ៤ កំពុងត្រួតពិនិត្យនេះ?តើអាចអនុម័តឱ្យចំនួនប៉ុន្មាន ទៀត»។

រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និង ភាគីចិន ពុំទានអាចបញ្ជាក់ជាផ្លូវការថាតើដំណើរការនៃការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅទីផ្សារចិនអាចធ្វើឡើងនៅពេលណានោះទេ។

ទោះបីយ៉ាងណាលោកឃឹម ហ្វ្រីណង់ អ្នកនាំពាក្យក្រសួងនកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះមានន័យថា សម្រាប់ចម្ការដូង ១៣ និងរោងចក្រវេចខ្ចប់ ១ ត្រូវបានទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយគឺមានសិទ្ធិអាចនាំចេញដូងស្រស់ទៅកាន់ទីផ្សារប្រទេសបានហើយ។ លោកឃឹម ហ្វ្រីណង់ មានប្រសាសន៍ដូច្នេះថា ៖ «យើងមានចម្ការចំនួន១៣ ដែលអាចនាំចេញបាន តែវាពាក់ព័ន្ធនឹងការវេចខ្ចប់ ហើយរហូតមកដល់ពេលនេះ មានក្រុមហ៊ុនតែមួយទេ ដែលទទួលបានការអនុញ្ញាតពាក់ព័ន្ធនឹងការវេចខ្ចប់។ ដោយឡែក យើងកំពុងសុំបន្ថែមទៀត សម្រាប់ក្រុមហ៊ុនមួយចំនួនទៀត»។

...

សព្វថ្ងៃ ក្រៅពីផ្លែដូងស្រស់ កម្ពុជាបាននាំចេញផលិត ផលកសិកម្មចំនួន ៣ មុខ ដោយផ្ទាល់ទៅកាន់ទីផ្សារចិន គឺ ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ និង ផ្លែមៀនស្រស់។ គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជា សព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ម៉ឺន ៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន។នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print