ខេត្តក្រចេះ ៖ មន្ត្រីពីររូបនៅខេត្តក្រចេះ មន្ត្រីម្នាក់នៅក្នុង អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងម្នាក់ទៀត ជាមន្ត្រីនៅក្នុងសាលាខេត្តក្រចេះ សង្ស័យចាប់ដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមរយៈ ការបង្កើតឲ្យមានក្រុមរថយន្តដឹកទំនិញផ្ទុកលើសទម្ងន់កំណត់ អាចមានករណីរត់ការមុន ទើបមិនចូលថ្លឹង ដែលគេចាត់ទុកថា នេះស្មើនឹងឱ្យឈ្មួញដឹកផ្ទុកលើសកំណត់កម្រិត ឈានដលបំផ្លាញផ្លូវថ្នល់បាន ដែលផ្លូវគមនាគមន៍នេះ ជាសរសៃឈាមសេដ្ឋកិច្ចជាតិ ជាសម្បត្តិរបស់ជាតិ ត្រូវបានការពារ ថែទាំដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ស្ថាប័នពាក់ព័ន្ធនោះ ។
មន្ត្រីទាំងពីររូបនោះម្នាក់ ឈ្មោះ នូ សុវណ្ណា មានតួនាទីជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ និងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅលើដងផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងម្នាក់ទៀតឈ្មោះ ស្រ៊ី សំអុល ជាមន្ត្រីនៅការិយាល័យកិច្ចការច្បាប់និងសុវត្ថិភាពសាធារណៈ ចំណុះឱ្យទីចាក់ការអន្តរវិស័យ នៃរដ្ឋបាលសាលាខេត្តក្រចេះ និងជាអ្នកចាត់ចែងថវិកា សំរាប់បិទបាំង អំពើមិនប្រក្រតីរបស់ខ្លួន ដោយមន្ត្រីទាំងពីររូបនេះ កំពុងយកផ្លូវជាតិរបស់រដ្ឋធ្វើអាជីវកម្មយកប្រាក់តាមបែប ពុករលួយចែកគ្នាតាមវប្បធម៌ ឃុបឃិតគ្នាជាមុន«រត់ការ»!។
យោងតាមប្រភពបានឱ្យដឹងថា ៖ រថយន្តដឹកទំនិញ ដូចជា រថយន្តយីឌុប រថយន្តវេអង(V1) ដែលដឹកទំនិញ និងកសិផលផ្សេងៗ ផ្ទុកលើសទម្ងន់ចំនួនកំណត់ ត្រូវបានក្រុមមន្ត្រីទាំងនោះដាក់គោលការណ៍បង់ប្រាក់ តាមការកំណត់។ ដែលជាហេតុនាំឱ្យក្រុមរថយន្តខ្នាតយក្ស ផ្ទុកលើសទម្ងន់ទាំងនោះ ដឹកទំនិញផ្ទុកលើសទម្ងន់ដឹកបំផ្លាញផ្លូវថ្នល់ ស្ពានជាដើម។ មិនតែប៉ុណ្ណោះ ក្រុមរថយន្តទាំងនេះ ត្រូវបានក្រុមមន្ត្រី អនុញ្ញាតិឱ្យដឹកឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យនៅពេលយប់ ឬពេលទៀបភ្លឺ គឺដើម្បីបិទបាំងភ្នែកមហាជន។ ប៉ុន្តែនៅតែមានការប្រមាញ់បានរូបថត ពីសកម្មភាពមិនចូលថ្លឹងនេះ ជាញឹកញាប់ទៅហើយ ។
ក្រៅពីរថយន្តដឹកកសិផលផ្ទុកលើសទម្ងន់ ក៏មានរថយន្តខ្នាតយក្សរាប់សិបគ្រឿងទៀត ដែលក្រុមឈ្មួញធំៗ ដឹកទំនិញចេញពីតំបន់ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ (កម្ពុជា.វៀតណាម) ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងក៏បានព្រោះគេបាននិយាយជាមួយគ្នាមុន។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ៖ ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅលើផ្លូវជាតិលេខ៧ ក្នុងឃុំស្រែចារ ស្រុកស្នួលខេត្តក្រចេះ។
ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តមានជ័យ និង បក្សពួក ដែលកំពុងប្រចាំការ នៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យជាបន្ទាន់។
ប្រភពពីមន្ត្រីមួយចំនួនក្នុងខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ៖ ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ គៀបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។
ដោយឡែពលរដ្ឋ រស់នៅតំបន់នោះ បាននិយាយថា ៖ ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយរថយន្ត រករឿងឲ្យរើទំនិញចុះឡើងតាមទំនេីងចិត្ត របស់ពួកគេជាមិនខានខានឡើយ។ អំពើទាំងនេះនាំឱ្យរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត យ៉ាងគគ្រឹកគគ្រេង បណ្ដោលឲ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។
ករណីបង្កើតឱ្យមានអំពើពុករលួយជាក្រុម និងយកផ្លូវជាតិធ្វើអាជីវកម្ម យកលុយចែកគ្នា តាមវប្បធម៍ តូចស៊ីតូច ធំស៊ីធំ ពីសំណាក់ លោក នូ សុវណ្ណា និងលោក ស្រ៊ី សំអុល ដែលកំពុងគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ព្រោះតែមិនមានចំណាត់ការពីស្ថាប័នឬមន្ទីរសាម៉ីរបស់ពួកគាត់។
ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងលោក ស្រ៊ី សំអុល ជាមន្ត្រីសាលាខេត្តក្រចេះ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តទៅវិញ ?
ករណីខាងលើនេះ គេរំពឹងថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិង លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងបប្រទេសនិងដាក់កម្លាំងអធិការកិច្ច ចុះមកស្រាវជ្រាវ ក្រុមមន្ត្រីដែលកំពុងតែឈរជើង នៅស្ថានីយថ្លឹងរថយន្តមានជ័យ ក្នុងស្រុកស្នួលខេត្តក្រចេះ
ដើម្បីបោសសម្អាត ក្រុមមន្ត្រី កន្ទេលធំបន្លំដេក ទាំងនេះជាក់ជាមិនខាន។
សូមរម្លឹកថា ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានថ្លែងថា ៖ បានស្នើដល់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមបន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងសូមបន្តយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស បន្តការដឹកនាំគ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបាននូវពុទ្ធិបន្ថែម ទាំងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញជាវិធានការអនុវត្តមុតស្រួច ក៏ដូចជាគោលការណ៍សំខាន់ៗផ្សេងៗ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន ការប្រកួតប្រជែង និងឡូជីស្ទីក។
លោករដ្ឋមន្ត្រីប្រកាសជាចំហរ មិនឱ្យមានដាច់ខាតនូវប្បធម៍ អន្តរាគមន៍ចំពោះរថយន្តផ្ទុកលើសទម្ងន់កំណត់ ដែលការលើកឡើងនេះ ទទួលបានការគាំទ្រយ៉ាងពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ខណះលោករដ្ឋមន្ត្រី លើកតម្កើងផលប្រយោជន៍ជាតិជាធំ ។
ពាក់ព័ន្ធករណីនេះនៅរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ លោក នូ សុវណ្ណា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ និងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបាន ជុំវិញមានរថយន្តផ្ទុកទម្ងន់កំណត់កម្រិតហើយមិនចូល ដោយទូរស័ព្ទខលមិនចូល ។ ចំពោះ លោក ស្រុី សំអុល ជាមន្ត្រីនៅការិយាល័យកិច្ចការច្បាប់និងសុវត្ថិភាពសាធារណៈ ចំណុះឱ្យទីចាក់ការអន្តរវិស័យ នៃរដ្ឋបាលសាលាខេត្តក្រចេះ ត្រង់សួរថា ៖ មានករណីរថយន្តខ្លះមិនចូលថ្លឹងកន្លែងស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលគាត់នៅធ្វើកិច្ចការនោះ លោកបានប្រាប់ថា ៖ «បើឃើញប្រាប់ខ្ញុំផង ….! ពីព្រោះនៅណេះ ខ្ញុំអត់បានទទួលព័ត៌មាននឹងមិនច្បាស់ . អាព្យាស្រ័យណា ! ។ ចំពោះសួរថា , បងជាអ្នកធ្វើការនៅកន្លែងហ្នឹង បែជាមិនបានទទួលព័ត៌មាននឹងច្បាស់ ? លោក ស្រុី សំអុល បញ្ជាក់ថា ៖ ខ្ញុំការងារនេះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំអត់ពីរឿងបញ្ហាហ្នឹង បាទៗ បើបងដឹងជួយប្រាប់ផង បញ្ជូនរូបភាពតាម ប្រព័ន្ធ Telegram ។
ដោយឡែក លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ លោកកំពុងមានភារិច្ចការងារបន្តិច ចាំចប់ការងារលោកនឹងប្រាប់មកវិញ ៕
ដោយ ៖ សុខ ខេមរា