សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងស្ទុះងើបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាតនៅឆ្នាំនេះ ដោយសារលំហូរភ្ញៀវទេសចរចិន។
កាសែត VN Express បានរាយការណ៍ថា តម្រូវការធ្វើដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងកាលពីខែធ្នូឆ្នាំមុនដល់ជិត ៨៣% នៃកម្រិតឆ្នាំ២០១៩ ពោលគឺកើនឡើងគួរឱ្យកត់សម្គាល់ពីកម្រិត ៥៧% ដែលបានរាយការណ៍នៅក្នុងខែមករា ឆ្នាំ២០២៣។
យោងតាមកាសែត Business Traveller បានឱ្យដឹងថា តួលេខនៅឆ្នាំនេះអាចនឹងកើនឡើងដល់ចំនួនមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការងើបឡើងវិញនេះនឹងត្រូវបានជំរុញដោយកំណើនតម្រូវការទេសចរណ៍បន្ទាប់ពីមានការលុបចោលវិធានការរឹតបន្តឹងការធ្វើដំណើរ រួមជាមួយនឹងការកើនឡើងសេដ្ឋកិច្ចក្នុងតំបន់។
កាសែត CNBC បានរាយការណ៍ថា ការធ្វើដំណើរទៅក្រៅប្រទេសដែលកំពុងកើនឡើងរបស់ប្រជាជនចិន គឺជាកត្តាសំខាន់មួយទៀតដែលជំរុញឱ្យមានតម្រូវការជើងហោះហើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការស្រាវជ្រាវពីក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ Citi បង្ហាញថា ភ្ញៀវទេសចរចិនដែលធ្វើដំណើរកម្សាន្តក្រៅប្រទេសមានចំនួនសរុប ៣,៦លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ចិននេះ ដោយភាគច្រើនទៅលេងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី។
នៅក្នុងប្រទេសថៃ ការកក់ជើងហោះហើរដោយភ្ញៀវទេសចរចិនបានកើនឡើងបួនដងពី៣៥ ០៩៤នៅក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំមុនដល់ ១៤៩ ១៥៩នៅឆ្នាំនេះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគការធ្វើដំណើរ Cirium។ ដូចគ្នានេះដែរ ការកក់ជើងហោះហើរពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងជិត ៦ដងដល់ ៦៤ ៤៦៩នៅឆ្នាំនេះដោយកើនឡើងពី ១០ ៨៧៣ក្នុងឆ្នាំ២០២៣ ស្របពេលដែលជើងហោះហើរពីប្រទេសចិនទៅកាន់ម៉ាឡេស៊ី សិង្ហបុរី និងថៃ ត្រូវបានគេរំពឹងថានឹងកើនឡើង ៨៧% នៅត្រីមាសទី២ ធៀបនឹងនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕ ដោយធីរីណា
រូបថត: Reuters