ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ វិស័យកីឡាដើរតួនាទីយ៉ាងសកម្មនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ហើយក៏ជាការចូលរួមនៅក្នុងការប្រកួតកីឡាឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ វិស័យកីឡាផ្តល់ឱកាសល្អលើការផ្លាស់ប្តូរលើវិស័យជាច្រើនទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍នៅក្នុងការប្រកួតដែលជាម៌តកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួនបែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន» នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមការប្រកួតកីឡាក្នុងកម្រិតអន្តរជាតិជួយលើកកម្ពស់កិតិ្តសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗអោយកាន់តែល្បីល្បាញ ក៏ដូចជាធ្វើឱ្យទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមលើឆាកអន្តរជាតិ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានប្រកាសថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី រួមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិមានតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈការទទួលបានមេដាយទាំងអស់នេះ គឺ បានធ្វើឲ្យកម្ពុជាកាន់តែមានកិត្តិយស និងកិត្យានុភាពលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈវិស័យកីឡានេះ៕