រុស្ស៊ីនិងចិនលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មទៀតហើយ ក្នុងនោះមានទាំងប្រាក់កម្ជីផងដែរ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បានពិភាក្សាជាមួយសមភាគីចិនអំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចបាន។
លោក Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្តមកយូរហើយ តែនៅមិនទាន់មានការសម្រេច។ យើងបានពិភាក្សាគ្នាអំពីបញ្ហានេះ កាលពីចុងឆ្នាំមុន នៅក្នុងកិច្ចសន្ទនាអន្តរក្រសួង»។ លោក Siluanov បានឱ្យដឹងបន្ថែមថា
រុស្ស៉ីត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមសាកល្បងការទូទាត់ជារូបិយប័ណ្ណឌីជីថលជាមួយចិនឬបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហើយនឹងផ្សព្វផ្សាយគំនិតនេះជាមួយដៃគូរបស់ខ្លួនបន្តទៀត។
សហភាពអឺរ៉ុបនិងក្រុមប្រទេស G7 បានបង្កទ្រព្យសម្បត្តិរបស់ធនាគារ
កណ្តាលរុស្ស៉ីចំនួន៣២៣ពាន់លានដុល្លារ គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ បើតាមលោក Siluanov វិធានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រុស្ស៉ី នៅឯបរទេសនឹងទទួលបានការឆ្លើយតបយ៉ាងសមរម្យពីទីក្រុងមូស្គូ៕ ដោយធីរីណា
រូបថត: :TTXVN