សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះ មានមេ​ដាយ​មាសចំនួន ៨១ គ្រឿង, មេដាយប្រាក់ចំនួន ៧៤ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១២៧ គ្រឿង ។ បន្ថែមលើការទទួលបានជ័យ​ជម្នះ​​លើការប្រកួត,​ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត​កីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, ជាពិសេស ​ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់​មិត្តភាព, ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ​ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈ​វិស័យ​ទេសចរណ៍ ។ លើសពីនេះ, ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺ​ការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតី​ស្រឡាញ់ជាតិមាតុភូមិ​ និងការពង្រឹងសាមគ្គីភាពនិងមិត្តភាព​ ដែលការណ៍នេះ បានរួមចំណែក​យ៉ាង​សំខាន់​ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាព នៅ​កម្ពុជា ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព, ឯកភាពផ្ទៃក្នុងជាតិ, ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុង យកចិត្តទុក ដាក់​ខ្ពស់លើវិស័យ អប់រំកាយ និងកីឡា, តាមរយៈការជំរុញលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់​ឧបករណ៍កីឡានៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ។ 

ជាមួយគ្នានេះផងដែរ សម្តេចធិបតី បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថា កីឡាករ និងកីឡាការិនីកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួនក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យ​បាន​កាន់​តែច្រើនជូនជាតិមាតុភូមិ ។ លើសពីនេះ រាជរដ្ឋាភិបាល នឹងបន្តប្តេជ្ញាគាំទ្រវិស័យកីឡា,​កីឡាករ និងកីឡាការិនីយើង ទាំងស្មារតី និងថវិកា ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និងទទួលបានជ័យជម្នះ​ថែមទៀត​ ។ 

ជាចុងក្រោយ សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print