រដ្ឋាភិបាលកម្ពុជាបានប្រគល់ទឹកប្រាក់ប្រមាណជាង ៣ ១៩៩លានរៀល ស្មើនឹងប្រមាណ ៧៨ម៉ឺនដុល្លារអាម៉េរិក ដល់អត្តពលិកដែលទទួលមេដាយពីសំរឹទ្ធ ដល់មាស ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិនានា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានប្រគល់ទឹកប្រាក់ប្រមាណជាង ៣ ១៩៩លានរៀល ស្មើនឹងប្រមាណ ៧៨ម៉ឺនដុល្លារអាម៉េរិក ដល់អត្តពលិកដែលទទួលមេដាយពីសំរឹទ្ធ ដល់មាស ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិនានា។

ការប្រគល់នេះធ្វើឡើងនៅវិមានសន្ដិភាព នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ជ័យលាភីជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។

អត្តពលិកដែលបានទទួលបានរង្វាន់លើកទឹកចិត្តនេះបានបង្ហាញអារម្មណ៍សប្បាយចិត្ត មានអារម្មណ៍កក់ក្ដៅ និងជំរុញលើកទឹកចិត្តឱ្យខិតខំបន្តទៀត។

កីឡាការិនីវ៉ូវៀតណាម កញ្ញា ខន ច័ន្ទសុភ័កនាថ បានលើកឡើងថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថារំភើបហើយក៏សប្បាយចិត្តខ្លាំងមែនទែនដែលមានឱកាសទទួលប្រាក់រង្វាន់ពីសម្ដេចផ្ទាល់ អរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ការលើកទឹកចិត្តដល់កីឡាករកីឡាការិនីដែលដែលទទួលបានមេដាយរហូតមក»។

សម្តេចធិបតី បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករទាំងអស់ ដែលបានរួមកម្លាំងគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលគួរជាទីមោទនៈ ជូនជាតិមាតុភូមិ។

សម្ដេចថា៖ «ខុសពីពេលដែលខ្ញុំនៅជាយុវជននៅរៀនកាលនោះយើងបានត្រឹមមើលទូរទស្សន៍ទេ! ឃើញកីឡាករប្រទេសគេផ្សេងចូលរួមប្រកួតបានមេដាយ។ កាលនោះយើងមិនទាន់មានឱកាសចូលរួមប្រកួតក៏មិនទាន់មានឱកាសដោយមិននិយាយពីចំនួនមេដាយដែលទទួលបានអ៊ីចឹងនេះជាចំនួនសំខាន់ណាស់ក្នុងជំនាន់នេះមិនថាច្រើនជំនាន់វាជារឿងចាំបាច់ដែលយើងត្រូវមានហើយនេះហើយជាផលនៃផ្លែផ្កាសន្ដិភាពដែលយើងមាន»។

សម្តេចធិបតីសង្ឃឹមថា កីឡាករកម្ពុជានឹងខិតខំហ្វឹកហាត់បង្កើនសមត្ថភាពក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្ដើមយកជ័យជម្នះជូនជាតិឲ្យបានកាន់ច្រើនទៀត។

យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំកន្លងទៅកម្ពុជាបញ្ជូនកីឡាករទៅប្រកួតជាលក្ខណៈអន្តរជាតិលើ១១ ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ WT កីឡាហែលទឹក និងកីឡាទូកក្ដោង និងបានបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ នៅប្រទេសថៃរួមមាន៖ ប៉េតង់ តេក្វាន់ដូ WT គុនដាវ អត្ដពលកម្ម និងការ៉ាតេ ដែលលទ្ធផលទទួលបានមេដាយមាស៣០ មេដាយប្រាក់៤២ និងមេដាយសំរឹទ្ធ ៦០គ្រឿង។

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីដណ្តើមមេដាយ និងជ័យជម្នះជូនជាតិមាតុភូមិ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដោយឈរលើស្មារតីគាំទ្រជាច្រើន សង្ឃឹមថា កីឡាករ កីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ដោយធ្វើការហ្វឹកហាត់បង្កើនសមត្ថភាព និងត្រៀមខ្លួន ក្នុងការប្រកួតក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ៖ ដូចនេះ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី  “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ត្រូវបន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនីលើស្មារតី ថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន ឱ្យរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការប្រកួតថ្នាក់ជាតិ ដោយធ្វើការអភិវឌ្ឍសមត្ថភាពបន្ថែម ឱ្យកាន់តែពូកែដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print