ភ្នំពេញ ៖ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍ រាជធានីភ្នំពេញ ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
សូមថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់! សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា! បងប្អូន ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីរីករាយជា អនេក ដោយបានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍ យ៉ាងមហោឡារិក នាពេលនេះ។ ការប្រារព្ធទិវាជាតិនេះ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និង ភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើននៃសង្គមជាតិ។
បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ឈានទៅ ដល់ការស្ដារឡើងវិញពេញលេញពីវិបត្តិនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្ត ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយក ចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ជាអាទិ៍ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព សុខភាព និង សុខុមាលភាពប្រជាជន ការគិតគូរអំពីចីរភាពនៅតាមបណ្ដាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម កិច្ចការពារនិងអភិរក្សធនធានធម្មជាតិជាដើម។
ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ក្នុងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋាន៣សំខាន់ៗ ដែលត្រូវ គិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជា មាសបៃតង តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។
ជាក់ស្តែង ដោយមើលឃើញពីការរួមចំណែកយ៉ាងសំខាន់នៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុង “យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១»។ ក្នុងនោះ បញ្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុច ទី៥ គឺ “ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិ ដោយបន្ថែមទេសចរណ៏បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមាន តម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញ គោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ។
ជាការកត់សម្គាល់ ឆ្នាំនេះជាឆ្នាំទី១២ ដែលយើងរៀបចំ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍» ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង «ទីក្រុងស្អាត និងទេសចរណ៍ ពោលគឺ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែល អាចផ្តល់នូវបទពិសោធនិងការចងចាំ។ ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការ អភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថាទីក្រុងគឺជាបណ្ដុំសម្រាប់ការរស់នៅ ការសម្រាកលម្តែ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។ ចំណែកឯភាពជោគជ័យនៃវិស័យ ទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាព បរិស្ថាន ភាពស្អាត និង បៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែល ទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។ ក្នុងន័យនេះ ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្ត ទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខ សុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌ ទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ឈរលើស្មារតីនេះ ដើម្បីឆ្លើយតបនឹងប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្ដេជ្ញាបន្តតាមគំរូវីរភាពរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម ទៀត។ ក្នុងន័យនេះ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំ
យកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង
និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។
ទី២- ត្រូវបន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្ត ចូលរួមគាំទ្រដល់យុទ្ធនាការ ចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដានានា ដែលបានដាក់ ចេញកន្លងមក ជាអាទិ៍យុទ្ធនាការ “យុវជននិងទីក្រុងស្អាត យុទ្ធនាការ «ទេសចរណ៍ម្នាក់ ដើមឈើ មួយដើម យុទ្ធនាការ “កម្ពុជាស្អាត យុទ្ធនាការ “សម្អាតទន្លេ សមុទ្រ” ចលនាប្រឡង ប្រណាំង “រង្វាន់ សម្តេចនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ចលនា ប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ – ចលនាប្រឡងប្រណាំង “បង្គន់អនាម័យសាធារណៈស្អាត ការអនុវត្តស្តង់ដា -វិថីលក់ម្ហូបអាហារកម្ពុជា» និងស្តង់ដា – តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា” ជាដើម។ ការជំរុញយុទ្ធនាការ ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដាទាំងនេះ នឹងចូលរួម យ៉ាងសំខាន់ក្នុងការប្រែក្លាយទីក្រុងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
ទី៣- ស្នើក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយក្រសួង បរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង «ទីប្រជុំជន ទេសចរណ៍ស្អាត» នៅឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។ ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃ គ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន/ រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តឱ្យបានផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សក្តិសមនឹងកិត្តិនាម “កម្ពុជា : ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។
ឆ្លៀតឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរចំពោះទីក្រុងទេសចរណ៍ឆ្នើម របស់កម្ពុជាចំនួន៣ រួមមាន : ១- ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ២- ក្រុងកែប (ខេត្តកែប) និង៣-ក្រុងកំពត (ខេត្តកំពត) ដែលទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤-២០២៦។ នេះសបញ្ជាក់ឱ្យឃើញពីតួនាទីនិងការចូលរួមរបស់កម្ពុជាក្នុងតំបន់អាស៊ាន ក្នុងនាមជា អ្នកដឹកនាំរៀបចំនិងសម្របសម្រួលការអនុវត្តស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ក្នុងគោលបំណងដើម្បី
ពង្រឹងភាពទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្ដាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាទីក្រុង ឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរចំពោះទីក្រុងនៃខេត្តចំនួន៣ ដែលត្រូវ បានបោះឆ្នោតគាំទ្រជា – ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣- រួមមានទី១- ខេត្ត ព្រះសីហនុ ទី២- ខេត្តបាត់ដំបង និងទី៣- ខេត្តសៀមរាប។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការ ចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត ប្រព្រឹត្តទៅប្រកបដោយជោគជ័យជានិច្ចនិរន្តរ៍។
ជាទីបញ្ចប់ នាឱកាសអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤» នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយនិងប្រគេនពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង សូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូន ជនរួមជាតិជាទីស្នេហា សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា