ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីណែនាំ ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ : ការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ ។

ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះ ស្មារតីស្រឡាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិង ឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធដូចខាងក្រោម៖

១- សិស្សានុសិស្ស និងយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។

២- សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុង បណ្តាញទំនាក់ទំនងសង្គមឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្ត ណាមួយក្តី។

៣- គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយ ដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។
៤- គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិតឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។

៥- គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែង អាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

៦- គ្រប់អង្គភាពអប់រំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការ ប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរឱ្យបានត្រឹមត្រូវ នៅក្នុងលិខិតរដ្ឋបាល ឬលិខិត បទដ្ឋានគតិយុត្តទាំងឡាយ។
៧- មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។

៨- មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឱ្យប្រកាន់ ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួអក្សរខ្មែរ ។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និង អក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញ ទំនាក់ទំនងសង្គមនានា ។

ក្រសួងសង្ឃឹមថា គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការ ផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print