ក្រសួងបរិស្ថានស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ដើម្បីបញ្ចប់រាល់សកម្មភាពទន្ទ្រានយកដីព្រៃខុសច្បាប់ ,ខណៈទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ

ចែករំលែក៖

 

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។ ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយ បានឡើយ”។ ក្នុងន័យនេះ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។ ក្នុងករណីចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់ វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេល

រូបវន្តបុគ្គល ឬនីតិបុគ្គលពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ

បុគ្គលដែលបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីនោះឱ្យទៅ សហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្តារព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ មន្ទីរបរិស្ថានខេត្ត ត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ចុះអនុវត្តទប់ស្កាត់រាល់ សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ ស្របតាមច្បាប់ជាធរមាន។

ទទួលបានសេចក្តីប្រកាសព័ត៌មាននេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឈានទៅបញ្ចប់រាល់សកម្មភាពកាប់ រុករាន ទន្ទ្រានដី ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យមានប្រសិទ្ធភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print