ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣៣នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដេីរបានសម្រេច។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*ទី១៖ ឈ្មោះ នៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ម្តុំវត្តជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (អ្នកបេីក)។
*ទី២៖ឈ្មោះ រឿន ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបន្តថា ៖ សម្ភារៈចាប់យកមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-3282 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 (របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់ទៅអោយនារីរងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេី បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕
ដោយ ៖ សិលា