រុស្ស៊ីបានព្រមានប្រធានាធិបតីបារាំង Emmanuel Macron ក្រោយមានគម្រោងបញ្ជូនទាហានទៅអ៊ុយក្រែន

ចែករំលែក៖

សម្ព័ន្ធមិត្តនិងមន្ត្រីរុស្ស៊ីបានព្រមានប្រធានាធិបតីបារាំង លោក Emmanuel Macron ថា កងទ័ពដែលលោកគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននឹងត្រូវបញ្ចប់ដូចគ្នានឹង Grande Armee របស់ព្រះចៅអធិរាជ Napoleon Bonaparte អំឡុងពេលទ្រង់ចូលលុកលុយរុស្ស៊ីក្នុងឆ្នាំ១៨១២។

សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក លោក ម៉ាក្រុង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានលើកឡើងពីលទ្ធភាពដែលបណ្ដាប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។ តែការអត្ថាធិប្បាយបែបនេះបានបង្កឱ្យមានការច្របូកច្របល់នៅក្នុងចំណោមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ក្នុងនោះរួមមានអាមេរិក អាល្លឺម៉ង់ និងអង់គ្លេសបានចេញមុខប្រកាសថា ពួកគេគ្មានផែនការបញ្ជូនកងទ័ពទៅអ៊ុយក្រែននោះទេ ខណៈវិមានក្រឹមឡាំងក៏បានព្រមានដែរថា វត្តមានកងទ័ពលោកខាងលិចនៅអ៊ុយក្រែននឹងបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី នឹង NATO។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ម៉ាក្រុងដែរ លោក Vyacheslav Volodin ជាប្រធានសភាជាន់ទាបរុស្ស៉ីនិងជាសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីន បាននិយាយថា លោក ម៉ាក្រុង ហាក់ដូចជាកំពុងតាំងខ្លួនជា Napoleon និងបានព្រមានកុំឱ្យលោក ម៉ាក្រុង ដើរតាមជំហានរបស់អតីតអធិរាជបារាំងរូបនេះ។ លោក Volodin បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីរក្សាអំណាចផ្ទាល់ខ្លួន លោក ម៉ាក្រុង មិនបានគិតអ្វីដែលល្អប្រសើរនោះទេ ក្រៅតែពីពន្យុះឱ្យមានសង្រ្គាមលោកលើកទី៣ ដែលនេះគឺជាគ្រោះថ្នាក់មួយសម្រាប់ប្រជាជនបារាំង។ ដូច្នេះនៅមុនធ្វើការអត្ថាធិប្បាយរបៀបនេះ វាជារឿងត្រឹមត្រូវដែលលោក ម៉ាក្រុង ត្រូវចងចាំពីអ្វីដែលបានកើតឡើងលើ Napoleon និងកងទ័ពរបស់គាត់ច្រើនជាង ៦០០ ០០០នាក់ដែលបានស្លាប់»។
ការឈ្លានពានរបស់អតីតអធិរាជបារាំង Napoleon ក្នុងឆ្នាំ១៨១២ មានភាពរីកចម្រើននៅដំណាក់កាលដំបូង ដោយបានដណ្ដើមគ្រប់គ្រង ទីក្រុងមូស្គូ។ តែកងទ័ពរុស្ស៉ីបានវាយបណ្ដេញឱ្យកងទ័ពរបស់អធិរាជបារាំងរូបនេះឱ្យដកថយ ហើយជាលទ្ធផលកងទ័ពបារាំងរាប់សែននាក់ បានស្លាប់ ដោយសារជំងឺឆ្លង ការអត់ឃ្លាន និងអាកាសធាតុត្រជាក់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print