សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ១១ ចំណុចដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែទូលំទូលាយនិងផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ជាអនុសាសន៍ថា ៖ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែទូលំទូលាយនិងផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ក៏ដូចជាដើម្បីអាចឱ្យ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។

២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេល នេះផងដែរ។

៣- ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។

៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។

៥- ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤ ។

៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។

៧- ក្រសួងធម្មការនិងសាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។

៨- ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាពនិងស្មារតី ទទួលខុសត្រូវខ្ពស់។

៩- រដ្ឋបាលរាជធានី ខេត្តត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។

១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេសចូលរួមប្រារព្ធ និងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ។
ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print