លោកអភិសន្តិបណ្ឌិត ស សុខា៖​ រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់លើវិស័យកីឡា គោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤» កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក។​

ជាកិច្ចចាប់ផ្ដើមពិធី លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានជម្រាបជូនថ្នាក់ដឹកនាំអំពី ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” នេះ មានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ចែកចេញជា ៤ពូលក្នុង ១ពូល មាន ៤ក្រុម។

សមាសភាពក្រុមក្នុងពូលទាំង ៤រួមមាន ៖
ពូល ក ៖ ក្លឹបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, ក្លឹបសាលាជាតិរដ្ឋបាលមូលដ្ឋាន, ក្លឹបអគ្គនាយដ្ឋានរដ្ឋបាល និង ក្លឹបអគ្គាធិការដ្ឋាន
ពូល ខ ៖ ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ក្លឹបក្រុមប្រឹក្សានីតិកម្ម, ក្លិបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ពូល គ ៖ ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ, ក្លឹបបណ្ឌិត្យសភានគរបាលកម្ពុជា, ក្លឹបអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ និង ក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ពូល ឃ ៖ ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

រូបមន្តប្រកួត គឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ។

មានប្រសាសន៍ក្នុងពិធីបើក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតការប្រកួតពានរង្វាន់នេះលើកដំបូងបំផុត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលគោលបំណងទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែងក្នុងន័យ បង្កើន និងលើកកម្ពស់សុខភាព ឱ្យមានកម្លាំងមាំមួន ដែលជាស្នូលនៃបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសកាត់បន្ថយភាពអសកម្មមួយចំនួនក្នុងជួរកងកម្លាំងនគរបាលជាតិ ទី២ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយក ចំណុះឱ្យក្រសួងមហាផ្ទៃ។ លើសពីនេះទៅទៀត ជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាពដើម្បីតំណាងក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមានគោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្រលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។

ជាចុងបញ្ចប់ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ដែលបានរៀបចំកម្មវិធីបើកយ៉ាងអធិកអធម អមដោយផ្ទាំងទស្សនីយ៍ភាពសិល្បៈកីឡាជាច្រើន និងបានប្រកាសបើកការប្រកួតចាប់ពីពេលនេះតទៅ៕

...

ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print