ខណៈពេលដែលរុស្ស៊ីស្វែងរកការពន្យល់ ក្រសួងការពារជាតិអាល្លឺម៉ង់បានសម្រេចចិត្តបើកការស៊ើបអង្កេតលើការលេចធ្លាយព័ត៌មានអំពីការវាយប្រហារស្ពាននៅ Crimea ជាមួយនឹងការព្រួយបារម្ភថា រុស្ស៊ីអាចនឹងធ្វើចារកម្មលើឧត្តមសេនីយ៍ទ័ពអាកាស (Luftwaffe)។
កាលពីថ្ងៃទី 1 ខែមីនា ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលនិយាយថា ទីក្រុងមូស្គូបានស្នើសុំឱ្យទីក្រុងប៊ែរឡាំងផ្តល់ការពន្យល់ទាក់ទងនឹងការលេចធ្លាយការកត់ត្រារបស់មន្ត្រីយោធាអាល្លឺម៉ង់ពិភាក្សាអំពីផែនការវាយប្រហារលើស្ពាន Crimea ។
អ្នកស្រី Zakharova បាននិយាយថា “យើងទាមទារការពន្យល់ពីប្រទេសអាល្លឺម៉ង់។ មន្រ្តីទីក្រុងប៊ែរឡាំងត្រូវតែផ្តល់ឱ្យពួកយើងភ្លាមៗ។ ការប៉ុនប៉ងណាមួយដើម្បីជៀសវាងការឆ្លើយសំណួរនឹងត្រូវបានចាត់ទុកថាជាការសារភាពកំហុស” ។
អ្នកនាំពាក្យរបស់ប្រធានសហព័ន្ធរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា វិមានក្រឹមឡាំងនៅតែមិនទាន់ដឹងអំពីខ្លឹមសារនៃការសន្ទនាដែលលេចធ្លាយនោះទេ។ ទន្ទឹមនឹងនេះដែរ ប្រធាន រដ្ឋសភា លោក Vyacheslav Volodin បាននិយាយថា បញ្ហានេះនឹងត្រូវបានពិចារណានៅក្នុងសម័យប្រជុំបន្ទាប់នៃរដ្ឋសភា Duma របស់រុស្ស៊ី (សភាតំណាងរាស្រ្ត)។
ចំណែកអាល្លឺម៉ង់វិញ RT បាននិយាយកាលពីថ្ងៃទី 2 ខែមីនាថា ប្រទេសនេះបានបើកការស៊ើបអង្កេតលើការលេចធ្លាយព័ត៌មានអំពីការវាយប្រហារស្ពាន Crimea ។ ក្រសួងការពារជាតិអាល្លឺម៉ង់មានការព្រួយបារម្ភថា រុស្ស៊ីអាចធ្វើចារកម្មលើឧត្តមសេនីយ៍ Luftwaffe ៕ ដោយធីរីណា
រូបថត: TTXVN