ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ធ្វេីការបង្ក្រាប និងចាប់ឃាត់ខ្លួននៅវេលាម៉ោង ១២ និង៣០ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិស្ទោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ កម្លាំងជំនាញ នៃ អធិការដ្ឋាន បានធ្វើការឃាត់ខ្លួនពិរុទ្ធជន០១នាក់ មានឈ្មោះ ម៉ិល ហូរ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖២៤៥/២៣ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយលោក គុជ តារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ ដែលជាប់ពាក់ព័ន្ធពីបទ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ប្រព្រឹត្តនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ ។
ករណីខាងលើនេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានបញ្ជូនពិរុទ្ធជនខាងលើ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ