ភ្នំពេញ ៖ សេចក្តីបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀនពាក់ព័ន្ធគណនី TikTok ឈ្មោះ MRR RAM និងគណនី Facebook ឈ្មោះ Boy Thee ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀន និងទុកពេល២៤ម៉ោង ឱ្យលុបវីដេអូចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ ។
មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបំភ្លឺចំពោះការចុះផ្សាយលើ គណនី TikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ដែលបានផ្សព្វផ្សាយតាមបណ្តាញ សង្គមដោយលើកឡើងមិនពិតជុំវិញការដុតកម្ទេចគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន នាពេលកន្លងមក ដែលមានខ្លឹមសារ “ចាប់បានបំពង់ស៊ីមាំង ចឹងកិនកម្ទេច តែនៅពេលគ្រឿងញៀន អត់ដែលឃើញកម្ទេចសោះ អត់ដែលឃើញដុតសោះ»។
ក្រោយពីបានទទួលព័ត៌មានចុះផ្សាយនៅក្នុងបណ្តាញ TikTok និងសង្គមហ្វេសប៊ុកនេះ ក្រុម ប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញម្ចាស់គណនី TikTok ដែល បង្ហោះវីដេអូ និយាយមិនពិតនេះមានឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស កើតឆ្នាំ១៩៩២ មានលំនៅដ្ឋានភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់គ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមបំភ្លឺ និងស្រាយចម្ងល់ សាធារណជន ដែលតែងតែឆ្ងល់ថា «តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅ ណា?» សូម ជម្រាបថា នៅពេលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវចាប់យកវត្ថុតាងគ្រឿងញៀន រួចធ្វើ ការវេចខ្ចប់តាមបច្ចេកទេស បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមនីតិវិធី ។
បន្ទាប់ពីជនសង្ស័យ ត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់នោះវត្ថុតាង គ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោលនៅតាមរាជធានី-ខេត្តដែលជាទូទៅធ្វើក្នុង ឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។
ជាស្តែងនៅឆ្នាំ២០២៣កន្លងទៅនេះ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ខែមិថុនា មានការរៀបចំពិធីដុតបំផ្លាញ និងកម្ទេចវត្ថុតាងគ្រឿងញៀន ១០លើក សរុបគ្រឿងញៀន ១៣តោន ៧៩៦គីឡូក្រាម ២៨៨.៤៥ក្រាម សារធាតុគីមីផ្សំសរុប ៣៤២តោន ២៥៧គីឡូក្រាម ៦១៨.៦០ក្រាម និងកញ្ញាក្រៀម សរុប ១១គីឡូក្រាម ៧៩១.៨៥ ក្រាម។
ពាក់ព័ន្ធករណីចុះផ្សាយលើគណនី TikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ជាការលើកឡើងដោយបុគ្គល សម្បត្តិ សំបូរ គឺជាការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះ ពាល់កិត្តិយសស្ថាប័នអនុវត្តន៍ច្បាប់ ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន។ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ មន្ទីរប្រឆាំងគ្រឿងញៀន ស្នើ និងទុកពេលឱ្យ បុគ្គល សម្បត្តិ សំបូរ ចំនួន២៤ម៉ោង ដើម្បីធ្វើការលុបវីដេអូរបស់ខ្លួនចេញពី TikTok និង Facebook ឱ្យអស់ ធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ និងត្រូវធ្វើលិខិតសុំទោសជាសាធារណៈ ។ ប៉ុន្តែប្រសិនបើ បុគ្គលនេះ នៅតែមិនព្រមអនុវត្តន៍តាមការស្នើនេះទេ មន្ទីរប្រឆាំងគ្រឿងញៀន នឹង អនុវត្តន៍តាមច្បាប់ជាធរមានចំពោះបុគ្គល សម្បត្តិ សំបូរ ។
ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់គ្រឿងញៀន មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាម ដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការរបស់មន្ទីរប្រឆាំងគ្រឿងញៀន និងអំពាវនាវដល់អ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាកុំធ្វើការបង្ហោះ និងចែករំលែកនូវព័ត៌មានមិនពិត ដើម្បីចៀសវាងប៉ះ ពាល់ដល់កិត្តិយសបុគ្គល និងអង្គភាព ហើយអាចប្រឈមនឹងផ្លូវច្បាប់ទៀតផង ៕
ដោយ ៖ សិលា