ខេត្តស្វាយរៀង÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅស្រុកស្វាយជ្រំ នាព្រឹកថ្ងៃថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំ នាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី។
សម្តេចកិត្តិបណ្ឌិតក៏បានបន្តទៀតថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងសង្កេតឃើញថា មនុស្សគ្រប់វ័យ បាននឹងកំពុងប្រឈម និងរងនូវផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។ ដោយមើលឃើញអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា សម្តេចកិត្តិសង្គហបណ្ឌិត ក៏ បានសំណូមពរ ដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ត្រូវផ្តោតការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះត្រិះរិពិចារណាឲ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួលដល់ការបម្រើការងារប្រប្រចាំថ្ងៃ ប៉ុន្តែ បច្ចេកវិទ្យាក៏អាចធ្វើឲ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណា និងមានសេចក្តីលោភ កុំឲ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ៕