ក្រុមកាំភ្លើងធំ Arsenal បានឈានទៅដល់ការឈ្នះការប្រកួតនៅ Premier League ជាលើកទី៧ជាប់ៗគ្នា ខណៈដែលពួកគេបានយកឈ្នះលើក្រុម Sheffield United នៅ Bramall Lane ក្នុងលទ្ធផល៦ទល់០។
ក្រុមកាំភ្លើងធំបាននាំមុខ ៣ទល់០ ក្នុងរយៈពេលតែ១៣នាទី ហើយបាននាំមុខ ៥ទល់០ នៅតង់ទីមួយទល់នឹងក្រុមបាតតារាងខាងលើ។
Martin Odegaard, Gabriel Martinelli, Kai Havertz, Declan Rice និង Ben White បានស៊ុតបញ្ចូលទីម្នាក់១គ្រាប់ជាមួយនឹងគ្រាប់បាល់១គ្រាប់ទៀតដែលជាការភ្លាត់ស្នៀតចូលទីខ្លួនឯងពីសំណាក់កីឡាករ Jayden Bogle ។
Arsenal បានស៊ុតបញ្ចូលទីបន្ទាប់ពី៥ នាទីជាមួយនឹងការស៊ុតពីសំណាក់កីឡាករ Martin Odegaard។ ការនាំមុខគ្រាប់ទី២នៅនាទីទី១៣ពីការបញ្ជូនបាល់ទាបរបស់ Bukayo Saka ត្រូវបានផ្លាតចូលទៅក្នុងសំណាញ់ខ្លួនឯងដោយ Bogle។
គ្រាប់ទី៣រកបានដោយ Gabriel Martinelli ពីការបញ្ជូនបាល់យ៉ាងល្អពី Kiwior នៅនាទីទី១៥ ខណៈគ្រាប់បាល់ទី៤រកបានដោយKai Havertz រកបាននៅនាទីទី២៥ ដោយបាល់ចូលពីជ្រុងបន្ទាប់ពី Martinelli បោះបាល់កាត់ចូលប្រអប់ទី។
គ្រាប់បាល់ទី៥រកបានដោយ Declan Rice នៅនាទីទី៣៩ ជួយឲ្យ Arsenal នាំមុខ៤គ្រាប់ ដោយស៊ុតផុតដៃអ្នកចាំទីក្រុមម្ចាស់ផ្ទះIvo Grbic។ ក្រុម ភ្ញៀវ មិន បានបង្អង់នោះទេ ដោយបន្ថែមគ្រាប់ទី៦នៅតង់ទី២ ដែលជាការរកបានដោយ Ben White នៅនាទីទី៥៨។
ការ ទទួល បាន ជ័យ ជម្នះ នេះ ធានា ថា Arsenal មាន គម្លាត២ ពិន្ទុ តាម ពី ក្រោយ ក្រុមកំពូលតារាង Liverpool និងចាញ់១ពិន្ទុពីក្រុមលេខ២ Man City។ នេះជាការរក្សាក្រុមកាំភ្លើងធំក្នុងការប្រជែងដណ្តើមពាន ខណៈដែលផ្ទុយពីក្រុម Sheffield United មានគម្លាតរហូតដល់១១ពិន្ទុពីតំបន់សុវត្ថិភាព។
ក្រុមកាំភ្លើងធំបានក្លាយជាក្រុមលីកកំពូលអង់គ្លេសដំបូងគេដែលឈ្នះការប្រកួតក្រៅដី៣ប្រកួតជាប់គ្នាដោយការស៊ុតបញ្ចូលទី៥គ្រាប់ឬច្រើនជាងនេះ ខណៈដែល Sheffield United ដែលហាក់ដូចជាត្រូវកាត់ចោលគឺជាក្រុមក្នុងលីកអង់គ្លេសដំបូងគេដែលចាញ់ការប្រកួតក្នុងផ្ទះ៤ លើកជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ ដោយចាញ់៥គ្រាប់ ឬច្រើនជាងនេះ ៕ (រូបភាព ៖ BBC Sport)