សារព័ត៌មាន AFP បានផ្សាយថា តុលាការកំពូលអាមេរិក កាលពីថ្ងៃចន្ទ ទី៤ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានសម្រេចជាឯកច្ឆន្ទឱ្យលោក ដូណាល់ ត្រាំ អាចឈរឈ្មោះក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សសាធារណរដ្ឋ ដោយលុបចោលការសម្រេចរបស់តុលាការកំពូលក្នុងរដ្ឋ Colorado ដែលបានហាមអតីតប្រធានាធិបតីអាមេរិករូបនេះឈរឈ្មោះ ដោយសារមានជាប់ពាក់ព័ន្ធនឹងកុបកម្មនៅឯវិមាន Capitol កាលពីឆ្នាំ២០២១។
ការសម្រេចរបស់តុលាការកំពូលអាមេរិកធ្វើឡើងក្នុងសំឡេងគាំទ្រ៩ ទល់នឹង០ នៅក្នុងចំណោមចៅក្រមទាំង៩រូប ដែលក្នុងនោះមានចៅក្រម៣រូបត្រូវបានលោក ត្រាំ តែងតាំងដោយផ្ទាល់ដៃ។ ការសម្រេចចិត្តនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងថ្ងៃបោះឆ្នោតបឋម «Super Tuesday» ដែលរដ្ឋជាច្រើនត្រូវរៀបចំការបោះឆ្នោតបឋមក្នុងថ្ងៃ តែមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ តាមតុលាការកំពូលអាមេរិក បណ្ដារដ្ឋរបស់សហរដ្ឋអាមេរិកមិនអាចប្រើប្រាស់ច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិកដើម្បីរារាំង ឬក៏ជម្រុះបេក្ខជនប្រធានាធិបតីណាម្នាក់ចេញពីសន្លឹកឆ្នោតបាននោះទេ ហើយមានតែសភាទាំង២របស់សហរដ្ឋអាមេរិកប៉ុណ្ណោះដែលមានអំណាចធ្វើបែបនេះ។
ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកដោយនិយាយថា «វាគឺជាជ័យជម្នះដ៏ធំធេងសម្រាប់សហរដ្ឋអាមេរិក»។
ក្រៅពីរដ្ឋ Colorado រដ្ឋ Illinois និងរដ្ឋ Maine ក៏បានសម្រេចហាមលោក ដូណាល់ ត្រាំ មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋរបស់ពួកគេផងដែរ ដោយ សំអាងថាលោក ត្រាំ បានបំពានច្បាប់វិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក ពាក់ព័ន្ធនឹងកុបកម្មនៅឯវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានរដ្ឋទាំងនេះចាត់ទុកថាជាសកម្មភាពបះបោរ។
ប៉ុន្តែការសម្រេចចិត្តរបស់រដ្ឋ Illinois និងរដ្ឋ Maine ត្រូវបានព្យួរ ដោយរង់ចាំសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិកលើករណីរបស់រដ្ឋ Colorado។ នេះបានន័យថា លោក ត្រាំ អាចបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតបឋមនៅរដ្ឋទាំង២នេះ ហើយវាក៏ជាការដកចោលនូវរនាំងឧបសគ្គមួយ បើកផ្លូវឱ្យលោក ត្រាំ ឆ្ពោះកាន់តែកៀកទៅរកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋ ស្របពេលមានការរំពឹងជាច្រើនថា រូបលោកអាចនឹងត្រូវតទល់សាជាថ្មីជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤៕ ដោយធីរីណា
រូបថត: 1thegioi.vn