ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តកូរ៉េដឹកត្រីមួយគ្រឿង ក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបក្រហមជ្រុលទៅបុករថយន្តសណ្ដោងទូរកុងតឺន័រ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យកៀបជាប់អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ ៧១១ ជួយគាស់ចេញដឹកទៅសង្គ្រោះភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១នឹង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី៣)
សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណៃតាំងហ៊ាន អាយុ ៣០ឆ្នាំ ជាអ្នកបើកបរ រស់នៅ ភូមិត្បែងក ឃុំត្បែង ស្រុកស្វាយ ខេត្តកំពង់ធំ (រងរបួសធ្ងន់)។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងទូរកុងតឺន័រ ក្បាលពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-3733 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចរួចក៏បានបើកឆ្លងស្តុបខៀវ ខណៈឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-3714 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ( ផ្លូវក្រវ៉ាត់ក្រុងទី ៣ ) ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួន បើកឆ្លងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្តសណ្តោងទូរកុងតឺន័រចំពីជំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ រួញចូលគ្នាកៀបជាប់អ្នកបើកនៅក្នុងរថយន្តក្រោយមកត្រូវបានបងប្អូនប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយគាស់យកអ្នកបើកបរចេញ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងក្រុមសង្គ្រោះបន្ទាន់ ៧១១ឲ្យចុះមកជួយគាស់ និងយកជនរងគ្រោះចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរកចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ