ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្រ្តីនៅកម្ពុជា ដោយសុខសន្តិភាព បានបង្កើនស្ថានភាពអំណោយផល ធ្វើឱ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគ ជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីគោលនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្រ្តីឱ្យបានកាន់តែទូលំទូលាយ។
នៅក្នុងវីដេអូសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល អាណត្តិមុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការបង្កើនការវិនិយោគលើរបៀបវារៈយេនឌ័រ និងបង្កើនភាពភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងក្នុងតួនាទីជាអ្នកដឹកនាំដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រលើស្រ្តី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
នៅក្នុងវីដេអូសុន្ទរកថានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់និងសកលលោក បាននិងកំពុងសម្របខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយចរន្តនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាគន្លឹះ ដ៏ចាំបាច់មួយដើម្បីពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានបង្កើតឡើងទាំងកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីៗនៅគ្រប់ទិដ្ឋភាពដែលតម្រូវឱ្យមានការអភិវឌ្ឍ និងធ្វើទំនើបកម្មស្ថាប័នសំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ហាទាំងនោះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា ៖ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ ស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពលកម្ម គឺជាស្រ្តី ៕