សារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា សហរដ្ឋអាមេរិក កំពុងបន្តប្រកាន់ទស្សនៈខុស ចំពោះប្រទេសចិន ហើយមិនទាន់បានបំពេញតាមពាក្យសន្យានៅឡើយទេ ទោះមានវឌ្ឍនភាពខ្លះៗក៏ដោយ គិតចាប់តាំងពីប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី ស៉ី ជិនពីង បានជួបគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅក្រៅមហាសន្និបាតសភាចិនប្រចាំឆ្នាំ ក្នុងរដ្ឋធានីប៉េកាំង លោក Wang បានលើកឡើងថា ការទាក់ទងគ្នារវាងប្រទេសទាំងពីរ អាចបន្តទៅមុខបាន ទាល់តែភាគីទាំងពីរគោរពនិងទទួលស្គាល់ ចំណុចខ្វែងគំនិតគ្នា។ លោករដ្ឋមន្រ្តីការបរទេសចិនបន្តថា «វាចាំបាច់ត្រូវលើកឡើងថា ទស្សនៈខុសឆ្គងរបស់ភាគីអាមេរិកចំពោះចិន នៅកំពុងតែបន្ត ហើយពាក្យសន្យាដែលអាមេរិកបានធ្វើឡើងនៅពុំទាន់បំពេញតាមឱ្យពិតប្រាកដនៅឡើយទេ។ មធ្យោបាយដើម្បីរាំងខ្ទប់ចិន គឺកំពុងត្រូវបង្កើតឡើងថ្មីៗជាប់ជានិច្ច ហើយបញ្ជីនៃការដាក់ទណ្ឌកម្មលក្ខណៈឯកតោភាគី ក៏កំពុងត្រូវពង្រីកឱ្យកាន់តែធំឡើងៗផងដែរ»។
ប្រមុខការទូតចិនរូបនេះ បានបន្ថែមទៀតថា បទឧក្រិដ្ឋដែលអាមេរិកចង់បន្ថែមទៅក្នុងបញ្ជីដែលចិនរងការចោទប្រកាន់ថា បានប្រព្រឹត្តនោះ គឺកំពុងឈានដល់កម្រិតដ៏ខ្ពស់មួយ ដែលមិនគួរឱ្យជឿនោះឡើយ។ ទោះជាបែបនេះក៏ដោយ លោក Wang បានអះអាងថា លោក ចូ បៃដិន បានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកនឹងមិនព្យាយាមស្វែងរកសង្រ្គាមត្រជាក់ថ្មី ឬផ្លាស់ប្តូរប្រព័ន្ធរបស់ប្រទេសចិន ឬមួយគាំទ្រឯករាជ្យរបស់តៃវ៉ាន់ឡើយ។
ភាពតានតឹងរវាងកំពូលមហាអំណាចទាំងពីរ បានថមថយបន្តិច គិតចាប់តាំងពីលោក បៃដិន និងលោក ស៉ី បានបើកកិច្ចប្រជុំកំពូលទ្វេភាគីនៅឯទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែភាពតានតឹងនៅតែបន្ត ក្នុងកម្រិតមិនច្បាស់លាស់មួយដដែល ជាពិសេស មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ ដែលអាចនឹងមើលឃើញ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន ត្រឡប់មកសេតវិមានសាជាថ្មី៕ ដោយធីរីណា
រូបថត: CCTV