ខេត្តក្រចេះ ៖ នាពេលកន្លងមក រដ្ឋបាលខេត្តក្រចេះ បានសង្កេតឃើញថាសត្វផ្សោតរស់នៅតាមដងទន្លេមេគង្គ ជាពិសេសរស់នៅតំបន់អន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ភាគច្រើនបានរងការស្លាប់ដោយការប្រើប្រាស់ ឧបករណ៍នេសាទហាមឃាត់ដូចជា អាំងវែកទ័រឆក់ត្រី មងគ្រប់ប្រភេទ និងសន្ទូចរនងនៅក្នុងកន្លែងដែលផ្សោត រស់នៅ ពិសេសអន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ដោយអ្នកនេសាទបានលួចប្រព្រឹត្តនៅពេលយប់ ទោះបីជាមន្ត្រីជំនាញ ឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទខិតខំទប់ស្កាត់ និងបង្ក្រាបជាច្រើនករណីមកហើយក្ដី ដែលសកម្មភាពល្មើសច្បាប់ទាំងនេះ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល ជាពិសេសសត្វផ្សោតទន្លេ មេគង្គដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់ជាតិ។
រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ សូមចូលរួមដោយស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញផលផលនូវឧបករណ៍នេសាទល្មើសច្បាប់ ដូចជា អាំវែកទ័រឆក់ត្រី មងគ្រប់ប្រភេទ និងសន្ទូចរនងដែលកំពុងប្រើប្រាស់នៅក្នុងតំបន់ស្នូលទី៤ ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំសំបុក ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ចាប់ពីក្បាលកោះទ្រង់ឡើង រហូតដល់ភូមិក្បាលជួរ មានប្រវែង ២១,៦៥គម ដែលជាតំបន់សក្តានុពល មានហ្វូងផ្សោតរស់នៅ និងបម្លាស់ទី នៅក្នុងអន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ព្រមទាំងតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងកន្លែងផ្សេងៗទៀត។ ក្នុងករណ៏បងប្អូនប្រជាពលរដ្ឋអ្នកនេសាទមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តក្រចេះ ដែលមាន ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ នឹងចាត់វិធានការអនុវត្តតាម នីតិវិធីច្បាប់ស្តីពីជលផលជាធរមាន ដោយប្រើប្រាស់យន្តការចុះឆែកឆេដល់លំនៅដ្ឋាន។
រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំ និងមានជំនឿលើស្មារតីទទួលខុសត្រូវខ្ពស់របស់បងប្អូន ប្រជាពលរដ្ឋអ្នកនេសាទទាំងអស់ចូលរួមសហការជាមួយមន្ត្រីជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវចីរភាពនៃធនធាន ជលផលដ៏កម្ររបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕