ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤។
សូមជម្រាបជូនថា ពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ឆ្នាំនេះជាលើកទី២៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៥ នៃការរៀបចំពិធីជួបជុំរវាងសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ដ្រី បុគ្គលិករួម និងអ្នកបម្រើក្នុង វិស័យវប្បធម៌និងសិល្បៈ ជាមួយនាយករដ្ឋមន្ត្រី តាមរយៈគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា។
ពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» នារសៀលនេះ មានការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិ រួមមានក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងវិស័យវប្បធម៌ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការសមាគម ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និង អ្នកដឹកនាំរឿង អង្គការ សមាគម ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគម ដោយរាប់បញ្ចូលទាំងក្រុម សិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ ដោយឡែកសិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល្ប៍ អង្គការ-សមាគមជ័យលាភីប្រឡង ម្ហូបអាហារ ខ្លែងខ្មែរ និងសិប្បករជំនាញ និង សាលាល្បុក្កតោ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្ត អ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសម្លេង ពិធីករពិធីការិនី តំណាងក្លឹបអ្នកកាសែតកម្ពុជា បុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គម និងនិសិ្សតជ័យលាភីប្រឡងគំនូរ ក៏មានវត្តមាននាពេលនេះផងដែរ នាំឱ្យសមាសភាពចូលរួមមានចំនួនសរុបប្រមាណ ៤,៣៥១រូប។
ទិវាវប្បធម៌ជាតិឆ្នាំ ក៏ដូចជា៨ឆ្នាំមុនដែរ គឺធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ។
គ្រប់កាលៈទេសៈទាំងអស់ ទោះជាក្នុងភាពរីករាយក្តី ឬក្នុងស្ថានភាពលំបាកលំបិនក្តី រាជរដ្ឋាភិបាលកម្ពុជា តែងតែកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជា មូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌អរិយធម៌ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ ក្នុងន័យនេះ ទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» បានក្លាយជាគោលការណ៍យុទ្ធសាស្ត្រដ៏ជាក់ច្បាស់សម្រាប់វិស័យវប្បធម៌ សិល្បៈ នៅកម្ពុជា។ ការរៀបចំទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំមានលក្ខណៈទូលំទូលាយ ទាំងក្នុងស្រុកនិងក្រៅស្រុក ទាំងវិស័យរដ្ឋ ឯកជន និងអង្គការជាតិ អន្តរជាតិនានា គឺជាការរំឭកអំពីសារៈសំខាន់ និងជំរុញកិច្ចការអភិរក្សរួមគ្នាលើវិស័យវប្បធម៌ សិល្បៈ ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ដែលជាកេរដំណែលដ៏ថ្លៃថ្លា របស់បុព្វបុរសខ្មែរ។
ក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ធ្វើឡើងក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិដូចជា៖
* លើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាព ជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុស ឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំង វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិន ប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ
* បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើន
ដែលជួយបង្កើនប្រាក់ចំណូលនិងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង
* លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោមយុវជន
កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និង
ក្នុងគោលបំណងគ្រួសារងាយរងហានិភ័យដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ធានាឱ្យបាននូវការផ្ទេរចំណេះដឹងនិងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយ
* លើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជី ថលព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមាន ពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»
* លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និង
សន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ការណែនាំសកម្មភាពមួយចំនួនទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែទូលំទូលាយ។ ការណែនាំនោះមានដូចខាងក្រោម៖
១៖ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។
២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអប់អរទិវាវប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។
៣៖ ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
៤៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន។
៥៖ ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។
៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គ កុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។
៧៖ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិកឱ្យរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។
៨៖ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាពនិងស្មារតី
ទទួលខុសត្រូវខ្ពស់។
៩៖ រដ្ឋបាលរាជធានី ខេត្តត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយវប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។
១០៖ គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេសចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗដែលមានដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។
១១៖ អ្នកចូលរួមកម្មវិធី និងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិត្រូវស្លៀកពាក់សមរម្យតាមបែបប្រពៃណីជាតិ៕ដោយ៖តារា