ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកពីនាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីម៉ូតូបីគ្រឿងបុកបន្តគ្នា។
ហេតុការណ៍គ្រោះថ្នាក់នេះនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ៥៦-៥៧ត្រង់ចំណុចភូមិវល្លិប្រេង ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1U-6523 អ្នកបើកបរឈ្មោះ ម៉ម ចាន់នី ភេទ ប្រុស អាយុ ២៣ឆ្នាំ(ស្លាប់)រស់នៅ ភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចខាងលើបានប៉ះម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥
ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1Y-3326 បើកបរដោយឈ្មោះ ជួង ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ(រងបួសធ្ងន់) រស់នៅភូមិស្រែត្រែង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កំពុងបើកបរពីទិស ខាងកើតទៅទិសខាងលិច រួចបានដួលទៅប៉ះម៉ូតូ១ គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៍សរ ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-6773 បើកបរដោយឈ្មោះ ចន សុខនី ភេទប្រុស អាយុ១៨ឆ្នាំ(រងរបួសស្រាល) នៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូទាំងបីគ្រឿងបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាហែងរងចាំដោះស្រាយនៅពេលក្រោយ ៕