ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ អតីតកាល គឺជាអនុស្សាវរីយ៍ ដែលធ្វើឱ្យយើងដឹងពីការបាត់បង់ឱកាសល្អៗជាច្រើន។ អនុស្សាវរីយ៍ល្អៗបច្ចុប្បន្ន នឹងក្លាយជាអតីតកាល នៃអនុស្សាវរីយ៍ល្អៗ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកអ្នកនាំពាក្យ បានភ្ជាប់នៅរូបភាពចំនួន៤សន្លឹក ដែលសុទ្ធតែជារថយន្ដខូចខ្ទេចខ្ទីត្រូវបានគេយកមកដាក់ធ្វេីជាផ្លាកសញ្ញាក្នុងការបេីកបរល្បឿនកំណត់គីឡូដែលឆ្លុះបញ្ចាំងពីការគ្រោះថ្នាក់ចរាចរណ៍។
ដូច្នេះលោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមបើកបរដោយគោរពច្បាប់ និងស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច..! #ថ្ងៃនេះថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍🙏
គួរជម្រាបជូនថា កម្លាំងនគរបាលគ្រប់ខេត្ត-ក្រុង-ស្រុក នៃព្រះរាជាណាចក្រកម្ពុជា បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស,ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ។
ដូច្នេះដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕ដោយ៖តារា