ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូលឿនទាក់ដៃចង្កូតនឹងរថយន្តដែលធ្វើដំណើរស្របទិសបណ្ដាលឱ្យដួលម៉ូតូចូលក្រោមកង់រថយន្តកិនមួយកំណាត់ខ្លួន ចំណែករថយន្តបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CH-2820 ធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខ ដែលធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើងបណ្តាលឱ្យដួលម៉ូតូ ហើយជនរងគ្រោះបានខ្ទាតចូលក្រោមកង់រថយន្តកិនមួយកំណាត់ខ្លួនពីចង្កេះមកចុងជើងស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើកំណត់យកម៉ូតូជនរងគ្រោះទៅរក្សាទុក និងស្វែងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ