សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ​អន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រួតពិនិត្យ​​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបជូនថា​ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើប​លើកដំបូង​នៅ​កម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេច​ធិបតី មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកប៉ុណ្ណោះទេ ការដឹកជញ្ជូនផ្លូវ​អាកាស​ក៏​ស្ថិត​ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម​ទេសចរណ៍។

ដើម្បីឆ្លើយតបនឹងមហិច្ឆតាដ៏មហិមានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចសាងសង់អាកាស​យាន​ដ្ឋានអន្តរជាតិតេជោឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុន​សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល​នោះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងព្រលានដែលសម្រេចបានរួមមាន៖

-អគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤
-ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤
-អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤
-មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
-ការភ្ជាប់បណ្ដាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
-សំណង់-អគារ ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

...

គួរបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការនៅ​ឆមាស​ទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print