ខេត្តរតនគិរី៖ ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមចំនួន២៦នាក់លួចចូលមកធ្វើសកម្មភាពជីកកកាយយករ៉ែមាសខុសច្បាប់ត្រូវបានកម្លាំងចម្រុះខេត្តរតនគីរីធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមទាំងសម្ភារគ្រឿងចក្រជាច្រើនគ្រឿងទៀតផងដែរ។
យុទ្ធនាកាបង្ក្រាបជនអន្តោប្រវេសន៍វៀតណាមជីកយករ៉ែមាសខុសច្បាប់នោះ
ដឹកនាំដោយលោកម៉ា វិចិត្រ អភិបាលរងខេត្ដ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ ដោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនឹងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ ហើយនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះធ្វើការផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងភស្ដុតាងទៅសាលាដំបូងខេត្ត។
ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឱ្យជាមធ្យោបាយប្រព្រឹតបទល្មើសជីកយករ៉ែមាសខុសច្បាប់នោះ បានរក្សាទុកនៅនឹងកន្លែងប្រព្រិត្តសកម្មភាពនោះដដែលសិន។
នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានព្យាយាមសួរទៅមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីជួយពន្យល់ពីករណីឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមទាំង២៦នាក់នោះដែរ តែពុំមានមន្ត្រីណាបានឆ្លើយប្រាប់នោះទេ គឺគ្រាន់តែបានបញ្ជាក់ថាកំពុងធ្វើការស្រាវជ្រាវ។
ដោយឡែកលោកកែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យឱ្យអយ្យការអមសាលាដំបូងខេត្តលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានប្រចាំខេត្តរតនគិរីថា ពាក់ព័ន្ធនឹងកាឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់នោះគឺមន្ត្រីប៉ូលិសអន្ដោប្រវេសន៍កំពុងបន្ដសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីហើយ។
ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់ខាងលើនេះដែរ ប្រជាពលរដ្ឋរួមនឹងមន្ត្រីស្អាតស្អំ មួយចំនួនបានទទួចសុំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្នានការឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិនិងធ្វើសកម្មភាពជីកកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបនេះដែរ៕ដោយ ជីវ័ន្ត