អ្នកនាំពាក្យក្រសួងសាធារណការ ៖ ត្រួសៗពីគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

ចែករំលែក៖

ភ្នំពេញ ៖ តាមការសិក្សាគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ នេះជាការលើកឡើងពីលោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

លោកបានបន្តថា ៖ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ ប្រភេទនាវាប្រើប្រាស់ស្តង់ដារគណៈកម្មការទន្លេមេគង្គ-MRC មានទម្ងន់ផ្ទុករហូតដល់ ១០០០DWT និងប្រភេទនាវាប្រើប្រាស់ ស្តង់ដារប្រទេសចិនមានទម្ងន់ផ្ទុករហូតដល់ ៣០០០DWT អាចអនុញ្ញាតឱ្យធ្វើប្រតិបត្តិការគ្រប់ពេលវេលា។
សូមបញ្ជាក់ថា គម្រោងនេះនឹងអាចអនុញ្ញាតិឱ្យនាវាប្រភេទមួយចំនួនអាចចរាចរណ៍បានដូចជា៖ប្រភេទនាវាដែលអាចចេញចូលទន្លេនឹងសមុទ្រ ប្រភេទនាវាសាឡង់ដឹកទំនិញ ប្រភេទនាវាសាឡង់បូមស្តារ ប្រភេទនាវាសណ្តោង នាវា និងទូក ទេសចរណ៍ និងនេសាទអាចចេញចូលធ្វើប្រតិបត្តិការបានយ៉ាងប្រសើរ។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ តាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណ គម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់សាងសង់ និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គម និងជីកថ្មីប្រមាណ ៤៥គម ដែលត្រូវប្រើប្រាស់ពេលវេលាប្រមាណ ៤ឆ្នាំ។
រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP) ដែលក្រុមហ៊ុនវិនិយោគត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាលនិងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០%ដើម្បីវិនិយោគលើគម្រោងនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print