សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry ដែលកំពុងស្ថិតនៅដែនដីអាមេរិក Puerto Rico ស្របពេលប្រទេសរបស់លោកកំពុងធ្លាក់ក្នុងភាពចលាចលនោះ បានសម្រេចលាលែងពីតំណែងហើយ ដើម្បីព្យាយាមបន្ធូរបន្ថយវិបត្តិ។
ការលាលែងពីតំណែងរបស់លោក Henry ធ្វើឡើងស្របពេលមេដឹកនាំក្នុងតំបន់កំពុងបើកកិច្ចប្រជុំបន្ទាន់មួយ នៅប្រទេសហ្សាម៉ាអ៉ីក ដើម្បីពិភាក្សាអំពីវិបត្តិនៅហៃទី។ កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តីហៃទី បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ជាទីដែលលោកសម្រេចបានកិច្ចព្រមព្រៀងមួយឱ្យក្រុមប្រទេសតំបន់អាហ្រ្វិកខាងកើតបញ្ជូនកងកម្លាំងសន្តិសុខទៅកាន់ហៃទី ដើម្បីជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ នៅប្រទេសរបស់លោក។
ខណៈរូបលោកស្ថិតនៅក្រៅប្រទេស ហៃទីបានធ្លាក់ទៅក្នុងភាពចលាចល ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ ធ្វើសកម្មភាពអុកឡុកពាសពេញប្រទេស ហើយព្រលានយន្តហោះត្រូវបិទទ្វារ ខណៈមន្ទីរពេទ្យ ផ្សារទំនើប ហាងទំនិញ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ ត្រូវបានគេគាស់ចូលលួចរបស់របរខ្ទេចខ្ទីគ្មានសល់។ ដោយសារមេដឹកនាំក្រុមជនអន្ធពាល ប្រកាសទាមទារឱ្យរូបលោកចុះចេញពីតំណែង ហើយប្រទេសជិតខាងគឺសាធារណរដ្ឋដូមីនីក ប្រកាសមិនស្វាគមន៍ថែមទៀតនោះ លោក Henry ត្រូវបានអនុញ្ញាតឱ្យចុះចតនៅតំបន់ Puerto Rico ដែលជាដែនដីរបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៉ីនតោន ក៏បានបង្ហាញការស្វាគមន៍ផងដែរឱ្យលោក Henry បន្តស្នាក់នៅក្នុងទឹកដីអាមេរិកជាបណ្តោះអាសន្ន រហូតទាល់តែរូបលោកយល់ថា អាចមានសុវត្ថិភាពពេលត្រឡប់ទៅកាន់ហៃទីវិញ៕ ដោយធីរីណា
រូបថត: Reuters