ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱ្យតែផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជា នឹងប្រឹងប្រែងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដោយគ្មានការភូតកុហកនោះឡើយ។ សម្តេចធិបតី ចង់ឱ្យបណ្តាស្រុកនានាមានការសង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាលនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន ធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំ លេចចេញជារូបរាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលធនមនុស្ស គឺទាមទារឱ្យមានសុខភាពល្អ។ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី។ ដើម្បីការផ្តល់សេវាសុខាភិបាលបានល្អ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងទម្លាក់ថវិកាទិញថ្នាំដែលពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។ សម្តេចធិបតីបានថ្លែងថា បើមានតែឧបករណ៍ និងបរិក្ខារពេទ្យទំនើប តែគ្រូពេទ្យមិនចេះប្រើ គឺមិនអាចជួយព្យាបាលប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានមន្ទីរពេទ្យ និងនាយកសាលាដើរតួនាទីសំខាន់ណាស់ សម្រាប់ការដឹកនាំមន្ទីរពេទ្យ និងសាលា។
ការជ្រើសប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព ត្រូវជ្រើសរើសអ្នកមានជំនាញផ្នែកសុខាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សសប្បាយចិត្ត សុខភាពល្អ ធ្វើឱ្យការងារមានប្រសិទ្ធភាព។ គ្មាននរណាសប្បាយចិត្តឡើយ ឬមានអារម្មណ៍ល្អក្នុងការបំពេញការងារឡើយ បើម្តាយ ឪពុក ឬសមាជិកគ្រួសារឈឺ។ សម្តេចធិបតី បានថ្លែងថា ពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួចទេ។ តែប្រជាពលរដ្ឋដែលព្យាបាលនៅក្នុងប្រទេសមានចំនួនរាប់លាននាក់។ សម្តេចបានកោតសរសើរថា ពេទ្យខ្មែរមានជំនាញល្អ ខ្សោយជាងគេតែឧបករណ៍ទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពង្រឹងសេវាសុខាភិបាល គឺពង្រឹងលទ្ធភាពនៃការព្យាបាលឱ្យដល់មូលដ្ឋាន។ ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្តលើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់។ សម្តេចធិបតីបានណែនាំឱ្យគ្រូពេទ្យជាសេនារបស់ទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។
នាឱកាសនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ និងសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផង ដែលបានចូលរួមចំណែកក្នុងការកសាងមន្ទីរពេទ្យ តេជោសែន កោះធំ៕