ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរអរគុណជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ដែលភាគច្រើន បានផ្តល់ការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរយះពេលជាង ៤០ឆ្នាំកន្លងមកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ តាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនកុះករ ផ្តល់នូវទំនុកទុកចិត្ត ផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្ត ដើម្បីបម្រើប្រជាពលរដ្ឋ ហើយការគាំទ្រនេះ ពិតជាសំខាន់ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញគោលនយោបាយ និងដាក់ចេញនូវឱកាសកសាងសមិទ្ធផលបន្ថែមជូនដល់ប្រជាពលរដ្ឋនៅស្រុកកោះធំ និងនៅទូរទាំងប្រទេសតែម្តង។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា អោយតែប្រជាជនផ្តល់ឱកាស គឺគណបក្សប្រជាជនកម្ពុជា នៅប្រជាជន និងធ្វើសមិទ្ធផលទៅតាមកិច្ចសន្យាដោយមិនមានការភូតភរកុហកនោះទេ។
ចំពោះបញ្ហាគ្រូពេទ្យ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើចង់ជោគជ័យលើការងារ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ហើយបើចង់បានសុខភាពល្អ សូមកុំអង្គុយតែបន់ ពោលត្រូវជឿជាក់លើខ្លួនឯង លើគ្រូពេទ្យ និងខិតខំសិក្សាស្វែងយល់អំពីការថែទាំសុខភាព។ ក្នុងន័យនេះ សម្ដេចបានពន្យល់ថា មិនមែនមិនឲ្យប្រជាពលរដ្ឋមានជំនឿលើការបន់ស្រន់នោះទេ ប៉ុន្ដែចង់ឲ្យប្រជាពលរដ្ឋត្រូវជឿជាក់ខ្លួនឯង ជឿជាក់លើអ្វីដែលខ្លួនបានខិតខំប្រឹងប្រែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ចង់បានជោគជ័យ កុំផ្សងសំណាង ហើយអត់ធ្វើអី។ ខំប្រឹងរៀនសូត្រ ខំប្រឹងសិក្សា សូម្បីតែជំនាញឥលូវយើងផ្ដល់១លាន៥សែននាក់ ឲ្យយុវជនទៅរៀនជំនាញ ដើម្បីរកការងារធ្វើ។ បន់ចុះខ្ញុំមិនមែនថាមិនឲ្យបន់ទេ ប៉ុន្ដែត្រូវទុកចិត្តខ្លួនឯង ទុកចិត្តលើពេទ្យ ទុកចិត្តលើគ្រូ បន់សូមឲ្យសុខភាពល្អ អាយុយឺនយូរ តែជឿទៅលើការអប់រំសុខាភាព កុំហូបផ្ដេសផ្ដាសខ្លាំងពេក ហើយឈឺទៅពេទ្យ»។
ដោយឡែកចំពោះការងារវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំផ្ដល់ឱកាសដល់យុវជនលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ រហូតដល់១លាន៥សែននាក់ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ សម្រាប់ប្រកបការងារចិញ្ចឹមជីវិត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏ខិតខំកសាងសាលារៀន មន្ទីរពេទ្យ ដើម្បីបម្រើសេវាដល់ប្រជាពលរដ្ឋ ៕