របៀបវារៈចំនួន ២សំខាន់ៗត្រូវបានលើកមកពិភាក្សាក្នុងជំនួបពិភាក្សាធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត Devyani. U. Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន៩រូប ចូលរួមកិច្ចប្រជុំពិភាក្សាធុរកិច្ចជាមួយ លោកស្រី វេជ្ជបណ្ឌិត Devyani. U. Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតផ្ទាល់។

កិច្ចប្រជុំដ៏សំខាន់នេះ មានគោលបំណងពិភាក្សាលើការរៀបចំផែនការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជនកម្ពុជា-ឥណ្ឌា ឱ្យកាន់តែមានភាពសកម្ម និងល្អប្រសើរឈានឡើងថែមមួយកម្រិតទៀតលើវិស័យដែលមានសក្តានុពលដើម្បីជាការចូលរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្មនៃវិនិយោគិនប្រទេសទាំងពីរ។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរលើរបៀបវារៈសំខាន់ៗរួមមានទី១ ការរៀបចំយន្តការទំនាក់ទំនងរវាងក្រុមលេខាធិការដ្ឋានសមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា ដើម្បីធានាបាននូវយន្តការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាប់លាប់ក្នុងការផ្លាស់ប្ដូរ និងចែករំលែកទៅវិញទៅមកនូវព័ត៌មានធុរកិច្ចសំខាន់ៗពាក់ព័ន្ធពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ និងទី២ ការកំណត់ប្រភេទក្រុមហ៊ុន និងវិស័យជាក់លាក់ដែលភាគីទាំងពីរមានចំណាប់អារម្មណ៍ធ្វើការផ្គូរផ្គងដើម្បីជាឱកាសសម្រាប់ធុរជន/វិនិយោគិនកម្ពុជា-ឥណ្ឌា អាចសិក្សាក៏ដូចជាការចាប់ដៃគូវិនិយោគរួមគ្នា។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះបានរៀបចំឡើង បន្ទាប់ពីសមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានប្រកាសសម្ពោធជាផ្លូវការនូវ «ក្រុមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា» ព្រមទាំងបានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនផងដែរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print