ភ្នំពេញ÷ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូក្រសួងបរិស្ថានចូលជួបពិភាក្សាការងារជាមួយសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទអភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នាសាល សន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយបានថ្លែងថា «ឯករាជភាពនិងភាពជាម្ចាស់គឺជាគោលនយោបាយអាទិភាពចំបងនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨ ដែលមានមុំស្នូល៣ គឺគោលនយោបាយ រដ្ឋបាលឌិជីថល និងការផ្សព្វផ្សយដែលនឹងជួយឱ្យក្រសួងបរិស្ថានអាចក្លាយជាអង្គភាពមានសម្បទា (Accredited Entity) ដើម្បីកៀគរថវិកាពីមូលនិធិបៃតងទាក់ទងនឹងការប្រែប្រួលអាកាស ធាតុ (Green Climate Fund) »។
នាជំនួបពិភាក្សាបណ្ឌិតរដ្ឋមន្ត្រី បានរាយការណ៍ពីវឌ្ឍន ភាពការងារដែលក្រសួងបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តទី៧នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលជាង៦ខែកន្លងមកនេះ ហើយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានចែករំលែកផងដែរនូវចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងលទ្ធផលការងារដែលសម្រេចបានកន្លងមក រួមមានភាពជោគជ័យនៃយុទ្ធនា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ប្រជាពលរដ្ឋប្រមាណជាង៥លាននាក់/អង្គ -ល-។ បណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងជម្រាបអង្គ ប្រជុំផងដែរពីវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ ក្រសួងបរិស្ថានលើបទល្មើសធនធានធម្មជាតិ និងការពារព្រៃឈើដើម្បីលក់ឥណទានកាបូន ក៏ដូចជាការដាក់ចេញនូវយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំជារាងរាល់ឆ្នាំ និងការជំរុញសហគមន៍អព្យាក្រឹតកាបូនតាមរយៈការលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍។
ជាការឆ្លើយតបសន្តិបណ្ឌិត ឡូយ សុផាត និងអង្គប្រជុំបានអបអរសារទនូវសមិទ្ធផលដែលក្រសួងបរិស្ថានសម្រេចបានក្នុងរយៈពេលដ៏ខ្លី និងបានគាំទ្រនូវវិធានការអនុវត្តច្បាប់១០០ភាគរយ របស់ក្រសួងបរិស្ថានលើបទ ល្មើសធនធានធម្មជាតិ ការដាក់ចេញនូវយុទ្ធការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោម ប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងយុទ្ធនាការចែកជូនកូនឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋដាំជារៀងរាល់ឆ្នាំ៕