ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាមនាំចូលត្រូវបានមន្រ្តីជំនាញឃាត់ និងចាប់បាននៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៦ ខែមីនា​ ឆ្នាំ​២០២៤នេះថា​៖​ វិស័យម្ហូបអាហារជាវិស័យចម្បងមួយដែលរដ្ឋាភិបាលយកចិត្តទុកដាក់​ និងសំខាន់សម្រាប់មនុស្សគ្រប់រូប ក្នុងនោះមន្រ្តីជំនាញ ក.ប.ប. បានខិតខំយ៉ាងខ្លាំងក្នុងការស្រាវជ្រាវ ត្រួតពិនិត្យម្ហូបអាហារជាប្រចាំនៅតាមទីផ្សារ ជាពិសេសគោលដៅធ្វើធុរកិច្ចដើម្បីធានាឱ្យបានូវសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់។

ជាក់ស្ដែង​មន្រ្តីជំនាញ​ ក.ប.ប. ខេត្តបន្ទាយមានជ័យ​ សហការជាមួយសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមីនាថ្មីៗនេះ​ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។ តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេទាំងអស់នោះប្រមាណជាង ៩០០គីឡូក្រាម​ ដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។

ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង។

គួររម្លឹកថា​ កាលថ្ងៃទី១២​ មីនា​ថ្មីៗ​នេះ​ដែរ​ ប្រហិតចម្រុះ​ចំនួន​ ៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះស្រាវជ្រាវបង្ក្រាប​បាន​រួចយកទៅដុតបំផ្លាញចោល​ នៅបរិវេណដីឡូត៍មួយកន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ ជាមួយគ្នានោះ​ អ្នកបើកបររថយន្តឈ្មោះ​ ម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ ក្រោយសមត្ថកិច្ចឃាត់បានអះអាងថា ផលិតផលប្រហិតចម្រុះនោះ រួមមាន៖​ ១-ប្រហិតចម្រុះ(រុំថង់បិទស្គុត) ចំនួន៦២៦គីឡូក្រាម​ ២-សាច់​មាន់​និងចុងស្លាបមាន់. ចំនួន១២៨គីឡូក្រាម​ និង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គីឡូក្រាម​។​ ចំពោះ​ផលិតផលនេះដែរ បាននាំចូលដោយគ្មានលិខិតឬការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ចពីប្រទេសថៃនោះទេ។

...

គួរបញ្ជាក់ថា​ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print