ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលទេីបទទួលបាននៅថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងសេចក្តី សម្រេចខាងលើ គណៈកម្មការរដ្ឋបាល នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលា ម៉ោង ៨ : ០០ នាទី ព្រឹក ទីតាំងស្ថិតនៅសាលាឃុំទួលសាលា។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធ នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មេត្តាចូលរួមស្តាប់ការផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីមន្ត្រីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ឬតំណាងគណៈ កម្មការរដ្ឋបាល ស្តីពីដំណើរការនៃការវិនិច្ឆ័យ បំភ្លឺបញ្ហាច្បាប់ និងឆ្លើយរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាម ពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ កុំបីខាន។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថាសាធារណជន និង អង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាសដើម្បីចូលរួមបំពេញ កាតព្វកិច្ច ភារកិច្ច របស់ខ្លួនពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យ៉ាងផុសផុលមិនខាន៕
ដោយ៖តារា