ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំ នៅក្នុងប្រវត្តិសាស្រ្តជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ ពោលគឺសមិទ្ធផលដ៏ល្អប្រពៃថ្លៃថ្លាទាំងនេះគឺបានមកពីការបូជាសាច់ស្រស់ឈាមស្រស់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ពុះពារជំនះរាល់ឧបសគ្គទាំងឡាយរបស់ថ្នាក់ដឹកនាំជំនាន់មុនក្រោមអគ្គមគ្គុទេសន៍ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាមួយសុខសន្តិភាពកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយនៅក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយទៅជាកម្លាំងចលករដ៏សំខាន់នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឱ្យកើនឡើងប្រមាណ១៣ដងនៅឆ្នាំ១៩៩៣-២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីពិធីបើកជាផ្លូវការ«បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីពាក្យមួយដែលមានន័យថា «មិនទុកទីកន្លែង និងនរណាម្នាក់ចោល» ក្នុងន័យដែលសំដៅទៅលើការដឹកនាំអាណត្តិថ្មីរបស់សម្ដេចគឺនឹងពង្រឹងការអភិវឌ្ឍគ្រប់ទីកន្លែង ហើយការអភិវឌ្ឍទាំងអស់នោះនឹងមិនទុកអ្នកណាម្នាក់ចោលនោះទេ ៕